តូក្យូ៖ ប្រភពរដ្ឋាភិបាលជប៉ុន មួយបានឲ្យដឹងថា ក្រុមនៃប្រទេស ចំនួនប្រាំពីរ កំពុងពិចារណាលើការហាមឃាត់ ការនាំចេញស្ទើរ តែទាំងអស់ ទៅកាន់ប្រទេសរុស្ស៊ី នៅក្នុងការបន្ត នៃរបបដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូ សម្រាប់ការលុកលុយជាបន្តបន្ទាប់របស់ខ្លួនលើអ៊ុយក្រែន។
ប្រទេសជប៉ុនគ្រោង នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G-7 នៅខែឧសភា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ភាគខាងលិចប្រទេសជប៉ុន ជាកន្លែងដែលការពិភាក្សា នឹងប្រព្រឹត្តទៅលើវិធានការពង្រីក ការគាំទ្រដល់អ៊ុយក្រែន និងពង្រឹងការដាក់ទណ្ឌកម្មលើរុស្ស៊ី ក្នុងចំណោមប្រធានបទសំខាន់ៗផ្សេងទៀត។
ប្រទេស G-7 បានបញ្ឈប់ការនាំចេញទំនិញជាច្រើនមុខទៅកាន់ប្រទេសរុស្ស៊ីរួចហើយ រួមទាំងផលិតផល ដែលអាចប្រើប្រាស់ សម្រាប់គោលបំណងយោធា និងទំនិញប្រណីត។ ប្រភពបានឲ្យដឹងថា ប៉ុន្តែផែនការចុងក្រោយនេះអាចពង្រីកការហ៊ុមព័ទ្ធពាណិជ្ជកម្មចំពោះរថយន្តជជុះ សំបកកង់ គ្រឿងសម្អាង និងសម្លៀកបំពាក់។
កិច្ចប្រជុំកំពូលនៅថ្ងៃទី១៩-២១ ខែឧសភា ប្រមូលផ្តុំមេដឹកនាំនៃប្រទេសអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោកវូឡូឌីមៀ ហ្សេឡិនស្គី ឱ្យចូលរួមការជួបប្រជុំតាមអ៊ីនធឺណិត៕
ប្រែសម្រួល ឈូក បូរ៉ា