សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ជំហររបស់កូរ៉េខាងជើង ក្នុងឋានៈជារដ្ឋអាវុធនុយក្លេអ៊ែរ នឹងនៅតែ មិនអាចប្រកែកបាន ហើយប្រទេសនេះនឹងបន្តបង្កើត កងកម្លាំងរបស់ខ្លួន រហូតដល់ការគំរាមកំហែងផ្នែកយោធាពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តត្រូវបាន លុបចោលទណ្ឌកម្ម ។
ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Son Hui បានធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍មួយដែលរិះគន់ដល់សហរដ្ឋអាមេរិក និងក្រុមប្រទេសទាំង៧ ហៅកាត់ថា G7 ផ្សេងទៀត ។ រដ្ឋមន្ត្រីការបរទេស G7 បានថ្កោលទោសការសាកល្បងកាលពីថ្ងៃទី១៣ ខែមេសា របស់កូរ៉េខាងជើង ចំពោះអ្វីដែលក្រុងព្យុងយ៉ាង បានលើកឡើងថា ជាមីស៊ីលផ្លោងអន្តរទ្វីបប្រើឥន្ធនៈរឹង ហើយបានជំរុញឱ្យមានការ លុបបំបាត់អាវុធនុយក្លេអ៊ែរនៅចុងបញ្ចប់ នៃកិច្ចប្រជុំរបស់ពួកគេនៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ។
ភាពតានតឹងបានផ្ទុះឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលប្រទេសឯកោមួយនេះបានបង្កើនសកម្មភាពយោធា ហើយបានគំរាមកំហែងដល់សកម្មភាព “ជាក់ស្តែង និងការវាយលុក” នៅគ្រាដែលកងកម្លាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធានិទាឃរដូវប្រចាំឆ្នាំ ។
ប្រទេសកូរ៉េខាងជើង បានបញ្ចេញប្រតិកម្មយ៉ាងក្ដៅគគុកចំពោះសមយុទ្ធទាំងនោះ ដោយហៅពួកគេថា ជាការហាត់សមសម្រាប់ “សង្គ្រាមនុយក្លេអ៊ែរទាំងអស់” ។
លោក Choe បានថ្លែងថា ស្ថានភាពរបស់ប្រទេសកូរ៉េខាងជើង ជាមហាអំណាចនុយក្លេអ៊ែរ គឺ “ចុងក្រោយ និងមិនអាចត្រឡប់វិញបានឡើយ” ហើយនឹងនៅតែជា “ការពិតដែលមិនអាចប្រកែកបាន” ទោះបីជាក្រុងវ៉ាស៊ីនតោន និងប្រទេសផ្សេងទៀតនៅលោកខាងលិចជំទាស់ក៏ដោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា