បរទេស ៖ អតីតប្រធានាធិបតី នៃប្រទេសប៉េរូ លោក Alejandro Toledo បានយល់ព្រមចូលខ្លួនទៅក្នុងសេវា Marshals របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បន្ទាប់ពីចៅក្រមបានច្រានចោល សំណើដើម្បីរារាំងការធ្វើបត្យាប័ន របស់លោកទៅកាន់ទីក្រុង Lima ក្រោមការចោទប្រកាន់ ពីបទទទួលសំណូក ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋអាជ្ញាប៉េរូបានចេញដីកាចាប់ខ្លួនលោក Toledo ក្នុងឆ្នាំ ២០១៧ ដោយចោទប្រកាន់អតីតប្រធានាធិបតីរូបនេះថាបានទទួលសំណូកជិត ៣២លានដុល្លារពីក្រុមហ៊ុនសំណង់ប្រេស៊ីលឈ្មោះ Odebrecht ពេលលោកកាន់តំណែងនៅចន្លោះឆ្នាំ ២០០១ និង ២០០៦ ។ លោក ត្រូវបានគេដាក់គុកក្នុងឆ្នាំ ២០១៩ ប៉ុន្តែត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ នៅក្រោមការឃុំខ្លួនក្នុងផ្ទះនៅផ្ទះរបស់គាត់នៅ Menlo Park រដ្ឋកាលីហ្វ័រញ៉ា រង់ចាំដំណើរការធ្វើបត្យាប័ន។
កាលពីដើមសប្តាហ៍នេះ បុរសវ័យ ៧៧ ឆ្នាំរូបនេះបានចាញ់ក្តីនៅចំពោះមុខ តុលាការសហព័ន្ធ Ninth Circuit នៃបណ្តឹងសាទុក្ខ ដែលទុកឱ្យគាត់មិនមានជម្រើស ដើម្បីចៀសវាងការបញ្ជូនទៅប្រទេសប៉េរូ វិញ។ លោក Toledo ប្រឈមនឹងការជាប់ពន្ធនាគារដល់ទៅ ២០ ឆ្នាំប្រសិនបើត្រូវបានកាត់ទោស។ យ៉ាងណាក៏ដោយលោកបាន បដិសេធរាល់ការចោទប្រកាន់។
អាជ្ញាធរប៉េរូបាននិយាយថា សាក្សីពីរនាក់អាចបញ្ជាក់ថា លោក Toledo បានទទួលយកសំណូកជាថ្នូរនឹងការផ្តល់ឱ្យក្រុមហ៊ុន Odebrecht នូវកិច្ចសន្យាដើម្បីសាងសង់ផ្នែកមួយនៃផ្លូវហាយវេ Interoceanic តភ្ជាប់ប្រទេសប៉េរូទៅកាន់ប្រទេសប្រេស៊ីល៕
ប្រែសម្រួលៈ ណៃ តុលា