បរទេស ៖ រថភ្លើងដឹកអ្នកដំណើរបានបញ្ឈប់ ដំណើរការនៅទូទាំងប្រទេសអាល្លឺម៉ង់ នៅព្រឹកថ្ងៃសុក្រ ចំពេលមានកូដកម្មតវ៉ា នៅទូទាំងប្រទេស ដែលធ្វើឡើងដោយសហជីពកម្មករ EVG ដែលកំពុងទាមទារការដំឡើងប្រាក់ឈ្នួល សម្រាប់បុគ្គលិកផ្លូវដែក។ សកម្មភាពនេះស្របពេលកូដកម្មស្រដៀងគ្នានេះនៅព្រលានយន្តហោះធំៗ របស់អាល្លឺម៉ង់មួយចំនួន ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ‘កូដកម្ម’ នៅលើបណ្តាញផ្លូវដែកបានចាប់ផ្តើមនៅម៉ោង ៣ ព្រឹកម៉ោងក្នុងស្រុក ហើយគ្រោងនឹងបញ្ចប់នៅម៉ោង ១១ ព្រឹក ដែលមានន័យថា វាគ្របដណ្តប់ម៉ោងមមាញឹកពេលព្រឹក។
សមាជិកក្រុមប្រឹក្សាប្រតិបត្តិ EVG លោក Cosima Ingenschay បានអះអាងថា “តាមរយៈការអំពាវនាវ សម្រាប់កូដកម្មព្រមាន ដែលមានកំណត់នៅព្រឹកព្រលឹម យើងបញ្ជូនសញ្ញាយ៉ាងច្បាស់ថា យើងមិនចង់ធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរទេ ប៉ុន្តែផ្ទុយទៅវិញជាក្រុមហ៊ុន” ។
កូដកម្មកាលពីថ្ងៃសុក្របានប៉ះពាល់ ដល់រថភ្លើងក្នុងទីក្រុង ក៏ដូចជាខ្សែក្នុងតំបន់ និងផ្លូវឆ្ងាយ។
ទន្ទឹមនឹងនេះ កូដកម្មដាច់ដោយឡែក ពីបុគ្គលិកសន្តិសុខនៅអាកាសយានដ្ឋានក្នុងទីក្រុង Cologne, Dusseldorf, Hamburg និង Stuttgart កំពុងដំណើរការផងដែរ ខណៈដែលកម្មករស្វែងរកការដំឡើងប្រាក់ឈ្នួល។ យោងតាមសមាគមអាកាសយានដ្ឋាន ADV របស់ប្រទេសអាល្លឺម៉ង់ ការចេញធ្វើកូដកម្មនេះ គឺបានប៉ះពាល់ដល់អ្នកដំណើរ ៤៦ ០០០ នាក់កាលពីថ្ងៃព្រហស្បតិ៍តែឯង ដោយចំនួននោះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ១០០ ០០០នាក់ នៅចុងថ្ងៃសុក្រ ៕