ព័ត៌មានអន្តរជាតិ

Update៖ យោធាអាមេរិក ជម្លៀសអ្នកការទូត របស់ខ្លួនចេញពីរដ្ឋធានី ស៊ូដង់រួចរាល់ហើយ

Khartoum៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងថា យោធាអាមេរិក បានជម្លៀសអ្នកការទូតអាមេរិក និងក្រុមគ្រួសាររបស់ពួកគេចេញពីទីក្រុង Khartoum រួចរាល់ហើយ ។

មន្ត្រីអាមេរិកម្នាក់បានលើកឡើងថា ប្រតិបត្តិការនេះ “លឿន និងរួចរាល” ។

គេបានដឹងថា មានមនុស្សតិចជាង១០០នាក់ ត្រូវបានគេរាយការណ៍ថា បានជម្លៀសចេញនៅព្រឹកថ្ងៃអាទិត្យ នៅគ្រាដែលឧទ្ធម្ភាគចក្រ Chinook ចំនួន៣គ្រឿងបានចុះចតនៅជិតស្ថានទូត អាមេរិកដើម្បីប្រមូលម្តុំពួកគេ ។

ក្រសួងការបរទេសបារាំងបានប្រកាសថា ខ្លួនក៏កំពុងជម្លៀសពលរដ្ឋ និងជនជាតិរបស់ខ្លួននៃសហភាពអឺរ៉ុប និងប្រទេសសម្ព័ន្ធមិត្តផ្សេងទៀតផងដែរ ។

ទោះបីជាយ៉ាងណាក៏ដោយ ទាំងកងទ័ពធម្មតារបស់ស៊ូដង់ និងគូប្រជែងរបស់ខ្លួន ដែលជាកងកម្លាំងប៉ារ៉ាមួយហៅថា កងកម្លាំងគាំទ្ររហ័ស ហៅកាត់ថា (RSF) បានឲ្យដឹងថា ក្បួនជម្លៀសត្រូវបានបណ្តេញចេញ បន្ទាប់ពីចាកចេញពីស្ថានទូតបារាំង ហើយត្រូវត្រលប់មកវិញ។ ពួកគេបានស្តីបន្ទោស ដាក់គ្នាទៅវិញទៅមក ចំពោះការវាយប្រហារនេះ ។

ថ្លែងទៅកាន់ BBC អាជ្ញាធរបារាំងបានបដិសេធ មិនធ្វើអត្ថាធិប្បាយថា តើការវាយប្រហារបានកើតឡើងឬយ៉ាងណា ប៉ុន្តែពួកគេបាននិយាយថា យោធាបារាំងដែលមានមូលដ្ឋាននៅ Djibouti មានជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការនេះ ហើយគោលបំណងគឺដើម្បីនាំអ្នកជម្លៀសទៅកាន់ Djibouti ។

ប្រទេសហូឡង់ អ៊ីតាលី ប៊ែលហ្ស៊ិក និងជប៉ុន ក៏បានបញ្ជាក់ថា ពួកគេបានចាប់ផ្តើមប្រតិបត្តិការដើម្បីជម្លៀសពលរដ្ឋរបស់ពួកគេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top