ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងអាល្លឺម៉ង់ បណ្តេញបុគ្គលិក ទូតរាប់សិបនាក់ ចេញពីប្រទេសរៀងៗខ្លួន

បរទេស ៖ ប្រទេសអាល្លឺម៉ង់ បានសម្រេចចិត្តបណ្តេញ អ្នកការទូតរុស្ស៊ីមួយក្រុមធំចេញពីប្រទេសរបស់ខ្លួន, នេះបើតាមក្រសួង ការបរទេសរុស្ស៊ីបានបង្ហាញ កាលពីថ្ងៃសៅរ៍ ។ បន្តិចក្រោយមក ស្រាប់តែទីក្រុងមូស្គូបានសងសឹកវិញ ដោយបញ្ជាឱ្យបុគ្គលិករបស់ទីក្រុងប៊ែរឡាំងជាច្រើននាក់ត្រឡប់ទៅផ្ទះវិញ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានបញ្ជាក់យ៉ាងលម្អិតទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អ្នកការទូត “ជាង២០នាក់” នឹងត្រូវបញ្ជូនមកប្រទេសវិញដោយភាគីនីមួយៗ។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពទាំងនេះរបស់ទីក្រុងប៊ែរឡាំង ដែលបន្តបំផ្លាញទំនាក់ទំនងរុស្ស៊ី-អាល្លឺម៉ង់ ទាំងស្រុង រួមទាំងក្នុងទិដ្ឋភាពការទូត របស់ពួកគេផងដែរ”។

ទីក្រុងមូស្គូបានបន្ថែមថា ប្រទេសអាល្លឺម៉ង់ បានព្យាយាមរក្សារឿងនេះជាសម្ងាត់ ប៉ុន្តែខ្លួនវាផ្ទាល់បានលេចធ្លាយការបណ្តេញចេញទៅកាន់សារព័ត៌មាន។ នៅដើមខែមេសា សារព័ត៌មានជាច្រើន របស់អាល្លឺម៉ង់បានរាយការណ៍ថា ការសម្រេចចិត្តនេះត្រូវបានដឹកនាំដោយផ្ទាល់ដោយរដ្ឋមន្ត្រីការបរទេស Annalena Baerbock ។

ក្រសួងបាននិយាយថា “ភាគីអាល្លឺម៉ង់ ទោះបីជាមានការធានាម្តងហើយម្តងទៀតថាខ្លួនមិនចង់ធ្វើឱ្យរឿងនេះជាសាធារណៈក៏ដោយ តំណាងប្រព័ន្ធផ្សព្វផ្សាយបានជូនដំណឹង … អំពីហានិភ័យរបស់ខ្លួន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top