ព័ត៌មានអន្តរជាតិ

ហ្វីលីពីន កំពុងព្រួយបារម្ភលើភាព តានតឹង លើសន្ដិសុខកោះតៃវ៉ាន់ ប៉ុន្ដែបន្ដប្រកាន់ខ្ជាប់ នូវគោលនយោបាយ ចិនតែមួយ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានសម្តែងការព្រួយ បារម្ភលើ “ការកើនឡើងភាពតានតឹង” នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ខណៈដែលប្រកាន់ខ្ជាប់ នូវគោលនយោបាយចិនតែមួយ ដែលទទួលស្គាល់រដ្ឋាភិបាល នៅទីក្រុងប៉េកាំងថា ជារដ្ឋាភិបាលស្របច្បាប់ តែមួយគត់របស់ប្រទេសចិន។

លោក Enrique Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក៏បានជម្រាបជូនសមភាគីចិន លោក Qin Gang ថាទីក្រុងម៉ានីល កំពុងប្រកាន់យក នូវវិធីសាស្រ្តឯករាជ្យ ចំពោះទំនាក់ទំនងបរទេស ដែលជាមធ្យោបាយជាក់ស្តែង មួយក្នុងការនិយាយថា ខ្លួនមិននៅខាងសហរដ្ឋអាមេរិក និងចិននោះទេ។

ជំនួបរបស់ពួកគេបានធ្វើឡើង បន្ទាប់ពីចិនបានរិះគន់ហ្វីលីពីន នាពេលថ្មីៗនេះ ចំពោះការជ្រៀតជ្រែកក្នុងកិច្ចការរបស់តៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ឯកអគ្គរដ្ឋទូតចិនប្រចាំ ប្រទេសហ្វីលីពីន បានរិះគន់ទីក្រុងម៉ានីល កាលពីសប្តាហ៍មុន ចំពោះ “ការដុតភ្លើង” នៃភាពតានតឹងក្នុងតំបន់ ដោយអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានយោធាបន្ថែមនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។ លោក​ក៏​បាន​ជំរុញ​ឲ្យ​ហ្វីលីពីន ប្រឆាំង​ដាច់ខាត​ឯករាជ្យភាព​របស់​តៃវ៉ាន់ ។

លោក Manalo ក៏​បាន​ប៉ះ​នឹង​ជំហរ​រៀងៗ​ខ្លួន​របស់​ហ្វីលីពីន និង​ចិន ជុំវិញ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ប្រទេស​របស់​ពួកគេ​មាន​ការ​ទាមទារ​ត្រួតស៊ីគ្នា។ តំបន់ដែលសម្បូរទៅដោយសារធាតុរ៉ែ និងជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ ក៏ត្រូវបានទាមទារទាំងស្រុង ឬដោយផ្នែកដោយប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម និងតៃវ៉ាន់។

លោក Manalo បានបន្ដថា “មេដឹកនាំរបស់យើង បានព្រមព្រៀងគ្នាថា ភាពខុសគ្នារបស់យើងនៅសមុទ្រហ្វីលីពីនខាងលិច មិនមែនជាចំនួនសរុប នៃទំនាក់ទំនងរបស់យើងនោះទេ” ដោយសំដៅលើជំនួបរវាងប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អតីតទៅកាន់ ទីក្រុងប៉េកាំងកាលពីខែមករា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top