ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ​បាន​ថ្កោលទោស​ ការ​លើក​ឡើង ​របស់​បេសកជន​ចិន ​ដែល​មិន​សមហេតុផល ​ចំពោះ​អតីត​ប្រទេស​សូវៀត

គៀវ ៖ អ៊ុយក្រែន ​បាន​ថ្កោលទោស ​អ្វី​ដែល​ខ្លួន​ហៅថា​ការ​អត្ថាធិប្បាយ ​មិន​សមហេតុសមផល​របស់​ឯកអគ្គរដ្ឋទូត​ចិន ​ប្រចាំ​ប្រទេស​បារាំង ​ដែល​ចោទ​សួរ​អំពី​អធិបតេយ្យភាព​របស់​អតីត​ប្រទេស​សូវៀត ។

ប្រទេសបារាំង និងរដ្ឋបាល់ទិក អេស្តូនី ឡាតវី និងលីទុយអានី ក៏បានសម្តែងការខកចិត្ត ចំពោះការលើកឡើងនេះដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅពេលសួរអំពីជំហរ របស់លោកថាតើ គ្រីមៀ ជាផ្នែកមួយនៃអ៊ុយក្រែន ឬយ៉ាងណា ឯកអគ្គរដ្ឋទូតចិនលោក Lu Shaye បានឲ្យដឹងនៅក្នុងបទ សម្ភាសន៍មួយ ដែលបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍បារាំង កាលពីថ្ងៃសុក្រថា ជាប្រវត្តិសាស្ត្រ ឧបទ្វីបគឺជាផ្នែកមួយនៃប្រទេសរុស្ស៊ី ហើយត្រូវបានផ្តល់ជូនដល់ អ៊ុយក្រែន ដោយអតីតមេដឹកនាំសូវៀត Nikita Khrushchev ។

លោក Shaye បានលើកឡើងថា “បណ្តាប្រទេសអតីតសហភាពសូវៀតទាំងនេះមិនមានឋានៈពិតប្រាកដនៅក្នុងច្បាប់អន្តរជាតិនោះទេ ពីព្រោះមិនមានកិច្ចព្រមព្រៀងអន្តរជាតិ ដើម្បីសម្រេចបាននូវឋានៈអធិបតេយ្យភាពរបស់ពួកគេ” ។

ការអត្ថាធិប្បាយរបស់លោក មិនត្រឹមតែសំដៅទៅលើអ៊ុយក្រែន ដែលរុស្ស៊ីបានឈ្លានពានកាលពីខែកុម្ភៈឆ្នាំមុនប៉ុណ្ណោះទេ ថែមទាំងសំដៅទៅលើអតីត សាធារណរដ្ឋសូវៀតទាំងអស់ ដែលបានលេចចេញជាប្រទេសឯករាជ្យ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១ រួមទាំងសមាជិកជាច្រើន នៃសហភាពអឺរ៉ុបផងដែរ។

ឆ្លើយតបកាលពីថ្ងៃអាទិត្យ ជំនួយការប្រធានាធិបតី អ៊ុយក្រែន លោក Mykhaylo Podolyak បានលើកឡើងថា ស្ថានភាពនៃបណ្តាប្រទេស ក្រោយសហភាពសូវៀត “ត្រូវបានចែងនៅក្នុងច្បាប់អន្តរជាតិ”។

លោក Podolyak បាន​និយាយ​ដោយ​សំដៅ​ទៅ​ប្រទេស​ចិន​ថា “​វា​ជា​រឿង​ចម្លែក​ដែល​បាន​ឮ​កំណែ​មិន​សមហេតុផល​នៃ ‘ប្រវត្តិសាស្ត្រ​គ្រីមៀ’ ពី​តំណាង​ប្រទេស​មួយ ​ដែល​មិន​ច្បាស់លាស់​អំពី​ប្រវត្តិសាស្ត្រ ១០០០ឆ្នាំ​របស់​ខ្លួន​៕
ប្រែសម្រួល ឈូក បូរ៉ា

To Top