ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ថា យោធាបានឲ្យដឹងថា យន្តហោះហ្វឹកហ្វឺនរបស់ កងទ័ពអាកាសហ្វីលីពីន១គ្រឿង បានធ្លាក់នៅទីក្រុង Lipa ភាគខាងត្បូងនៃទីក្រុងម៉ានីល អំឡុងពេលហោះហើរ ហ្វឹកហាត់នៅថ្ងៃចន្ទនេះ ។
លោកស្រី Consuelo Castillo ប្រធានការិយាល័យកិច្ចការសាធារណៈ របស់កងទ័ពអាកាសបានឲ្យដឹងថា យន្តហោះ SF260FH Marchetti បានជួបប្រទះនឹងបញ្ហានៅពីលើ ផ្លូវរត់នៃមូលដ្ឋានទ័ពអាកាស Fernando ក្នុងខេត្ត Batangas នៅពេលដែលគ្រោះថ្នាក់បានកើតឡើង ។
ទោះបីជាមានកម្ពស់ទាបក៏ដោយលោកស្រី Castillo បានបញ្ជាក់ថា អ្នកបើកយន្តហោះបានគ្រប់គ្រង យន្តហោះទៅកន្លែងបើកចំហមួយ នៅក្នុងបរិវេណនៃមូលដ្ឋានទ័ពអាកាស ដោយមិនបង្កគ្រោះថ្នាក់ និងការខូចខាតដល់សហគមន៍នៅក្បែរនោះទេ ។
លោកស្រី Castillo បានឲ្យដឹងថា អ្នកសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់កន្លែងកើតហេតុ ដើម្បីទាញយកអ្នកបើកយន្តហោះ។ លោកស្រីបានឲ្យដឹងទៀត “បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ សុខភាពជាកាតព្វកិច្ច អ្នកបើកយន្តហោះទាំង ២នាក់ត្រូវបានប្រកាសថា មានសុវត្ថិភាព និងកំពុងទទួលការព្យាបាល” ។
លោកស្រី Castillo បានឲ្យដឹងថា យន្តហោះកំពុងត្រូវបានរកឃើញ និងធ្វើការវាយតម្លៃ ។ ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា