ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ​ដាក់​ទណ្ឌកម្ម​ សងសឹក​លើអង្គភាព និងបុគ្គល​សហភាព ​អឺរ៉ុបនិង​អង់គ្លេស

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ១៧ នាក់ និងអង្គភាពចំនួន ៤ នៃសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស សម្រាប់ការគាំទ្រដល់អំពើភេរវកម្ម និងបង្កឱ្យមានអំពើហិង្សា និងភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញ ផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា វិធានការសងសឹកនេះ សំដៅទៅលើអ្នកដែលជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់ និងគាំទ្រដល់អំពើភេរវកម្ម និងអំពើហិង្សា។

គោលដៅទាំងនេះក៏ត្រូវបានចោទ ប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតអំពីប្រទេសអ៊ីរ៉ង់ និងផ្តួចផ្តើម ឬលើកទឹកចិត្តឱ្យមានការកើនឡើង នៃទណ្ឌកម្មប្រឆាំងនឹងប្រជាជនរបស់ខ្លួន។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទណ្ឌកម្មដែលគ្របដណ្តប់អង្គភាពមួយ និងបុគ្គលចំនួន ១១ នាក់មកពីសហភាពអឺរ៉ុប និងអង្គភាពអង់គ្លេសចំនួន ៣ និងមនុស្ស ៦នាក់ រួមមានការចេញទិដ្ឋាការ និងការហាមឃាត់ការចូល ក៏ដូចជាទ្រព្យសម្បត្តិ និងគណនីធនាគារដែលបង្កក។

នៅព្រឹកថ្ងៃដដែល សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពមួយចំនួនរបស់អ៊ីរ៉ង់ ជុំវិញការរំលោភសិទ្ធិមនុស្ស របស់ពួកគេ នៅក្នុងប្រទេស អ៊ីរ៉ង់ ដែលត្រូវបានរិះគន់ដោយអ៊ីរ៉ង់ ថាជាការរំលោភលើគោលការណ៍ ជាមូលដ្ឋាននៃធម្មនុញ្ញ អង្គការសហប្រជាជាតិ។

នៅខែកញ្ញា ឆ្នាំ២០២២ ក្មេងស្រី ជនជាតិអ៊ីរ៉ង់អាយុ ២២ឆ្នាំឈ្មោះ Mahsa Amini បានស្លាប់នៅក្នុងមន្ទីរពេទ្យទីក្រុងតេអេរ៉ង់ ខណៈពេលកំពុងស្ថិតក្រោមការ ឃុំឃាំងរបស់ប៉ូលីស។ ប៉ូលិស​សីលធម៌​អ៊ីរ៉ង់ ​បាន​ចាប់​ខ្លួន​នាង​ពី​បទ​មិន​បាន​ពាក់​ក្រមា​អ៊ីស្លាម ​ដែល​គេ​ស្គាល់​ថា​ជា​ហ៊ីចាប។

ការស្លាប់របស់ Amini បានបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងក្លា និងចលាចលក្នុងសង្គមនៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយទីក្រុងតេអេរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនទៀតពីបទញុះញង់ឱ្យមានកុប្បកម្ម និងគាំទ្រពួកភេរវករនៅក្នុងប្រទេស៕

ប្រែសម្រួល ឈូក បូរ៉ា

To Top