ព័ត៌មានអន្តរជាតិ

ភាគីជម្លោះនៅស៊ូដង់ ចាប់ផ្ដើមអនុវត្ដបទឈប់បាញ់ ៧២ម៉ោង ប៉ុន្ដែស្នូរកាំភ្លើងបន្ដលាន់លឺ ពាសពេញទីក្រុងកាធុម

កាធុម៖ កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) បានប្រកាសកាលពីថ្ងៃអង្គារថា បទឈប់បាញ់ថ្មីរយៈពេល ៧២ម៉ោងបានចូលជាធរមាន ទោះបីជាមានការបាញ់កាំភ្លើងជាបន្តបន្ទាប់នៅទីក្រុង កាធុម និងភាគីសង្រ្គាមទាំងពីរបាន ចោទប្រកាន់គ្នាទៅវិញទៅមក ពីបទរំលោភលើបទឈប់បាញ់ក៏ដោយ។

អ្នកនាំពាក្យកងទ័ពស៊ូដង់បានឲ្យដឹងថា ខ្លួនបានយល់ព្រមចំពោះបទឈប់បាញ់រយៈពេល ៧២ ម៉ោង ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ជាមួយនឹងគោលបំណងមនុស្សធម៌ ហើយក្នុងលក្ខខណ្ឌថា “ពួកឧទ្ទាមប្តេជ្ញាបញ្ឈប់រាល់អរិភាព និងគោរពតាមលក្ខខណ្ឌតម្រូវសម្រាប់ការបន្ត”។

អ្នកនាំពាក្យកងទ័ពស៊ូដង់ RSF បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានយល់ព្រមលើបទឈប់បាញ់រយៈពេល ៧២ម៉ោង ដើម្បីបើកច្រកមនុស្សធម៌ សម្រួលដល់ចលនាប្រជាពលរដ្ឋ និងអ្នកស្រុក ដើម្បីឱ្យពួកគេទទួលបានតម្រូវការ ទៅដល់មន្ទីរពេទ្យ និងតំបន់សុវត្ថិភាព និងជម្លៀសបេសកកម្មការទូត។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថ្លែងអំពីប្រទេសស៊ូដង់ ក្នុងកិច្ចពិភាក្សាបើកចំហ ស្តីពីពហុភាគីនិយមនៅទីស្នាក់ការ អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ លោក Guterres បានព្រមានថា ជម្លោះយោធានៅស៊ូដង់ អាចវាយលុកតំបន់ទាំងមូល និងលើសពីនេះ។

កាលពីថ្ងៃចន្ទ ក្រសួងការបរទេសអាមេរិក បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទឈប់បាញ់ត្រូវបានឈានដល់ បន្ទាប់ពីការចរចារដ៏តឹងតែងក្នុងរយៈពេល ៤៨ម៉ោងកន្លងមក ដោយជំរុញឱ្យភាគីទាំងពីរ “ប្រកាន់ខ្ជាប់នូវបទឈប់បាញ់ភ្លាមៗ និងពេញលេញ”។ បទឈប់បាញ់នឹងចាប់ផ្តើមនៅ ពាក់កណ្តាលអធ្រាត្រថ្ងៃទី២៤ ខែមេសា ហើយមានរយៈពេល ៧២ម៉ោង។

ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ភាគីទាំងពីរបានចាប់ផ្តើមចោទប្រកាន់ គ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់ ដោយសាក្សីដែលឃើញផ្ទាល់ភ្នែក បាននិយាយថា ការបាញ់កាំភ្លើងត្រូវបានឮនៅក្នុងតំបន់ផ្សេងៗនៅទូទាំង ទីក្រុងកាធុម ជាពិសេសនៅក្នុងសង្កាត់ Omdurman ។

យោធាស៊ូដង់ បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរកឃើញ “ការរំលោភបំពានជាច្រើន” ដែលប្រព្រឹត្តដោយកងជីវពលឧទ្ទាម ចាប់តាំងពីព្រឹកព្រលឹមថ្ងៃអង្គារ បើទោះបីជាបទឈប់បាញ់ ត្រូវបានប្រកាសក៏ដោយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top