វ៉ាស៊ីនតោន៖ សារព័ត៌មានអាមេរិកបានរាយការណ៍ថា បុគ្គលដែលត្រូវបានជឿថា ជាមេក្លោងនៅពីក្រោយការវាយប្រហារ នៅអាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុល លើទាហានអាមេរិក ដែលដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងខែសីហាឆ្នាំ២០២១ ត្រូវបានសម្លាប់ដោយពួកតាលីបង់។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន សហរដ្ឋអាមេរិក បានកំណត់អត្តសញ្ញាណជនសង្ស័យថា ជាមេដឹកនាំនៅក្នុងក្រុមជ្រុលនិយម នៃសាខារដ្ឋអ៊ីស្លាមអាហ្វហ្គានីស្ថាន ដែលគេស្គាល់ថាជា ISIS-K ប៉ុន្តែមិនបានបញ្ចេញឈ្មោះបុគ្គលនោះទេ ហើយបដិសេធមិនប្រាប់ពីរបៀប ដែលជននេះត្រូវបានសម្លាប់ព្រោះខ្លាចធ្វើដូច្នេះ វានឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាព ប្រមូលព័ត៌មានសម្ងាត់របស់ សហរដ្ឋអាមេរិកនៅក្នុងតំបន់។
លោក John Kirby អ្នកសម្របសម្រួលសម្រាប់ការ សម្របសម្រួលជាយុទ្ធសាស្រ្ត នៅក្រុមប្រឹក្សាសន្តិសុខជាតិ ត្រូវបានដកស្រង់ដោយ CNN ដោយលើកឡើងថា បុគ្គលនោះគឺជា “មេនៃការវាយប្រហារដ៏គួរឱ្យរន្ធត់” កាលពីថ្ងៃទី២៦ ខែសីហាឆ្នាំ២០២១ ដែលបានសម្លាប់សមាជិក សេវាកម្មរបស់សហរដ្ឋអាមេរិក ១៣នាក់ ក៏ដូចជាជនស៊ីវិលអាហ្វហ្គានីស្ថានជាង ១០០ នាក់ផងដែរ។ លោក Kirby បានបន្ថែមថា នេះគឺជាស៊េរីមួយនៃ “ការបាត់បង់ភាពជាអ្នកដឹកនាំកម្រិតខ្ពស់” ដែល ISIS-K បានទទួលរងនៅឆ្នាំនេះ។
របាយការណ៍បានឲ្យដឹងថា សហរដ្ឋអាមេរិក មិនបានចូលរួមក្នុងប្រតិបត្តិការ របស់ពួកតាលីបង់ ហើយក៏មិនត្រូវបានជូនដំណឹង ដោយពួកតាលីបង់អំពីការស្លាប់នេះដែរ។ ការបញ្ជាក់អំពីការស្លាប់ និងអត្តសញ្ញាណរបស់បុគ្គលនោះ គឺផ្អែកលើការប្រមូលព័ត៌មានសម្ងាត់ផ្ទាល់ របស់សហរដ្ឋអាមេរិក ៕
ប្រែសម្រួល ឈូក បូរ៉ា