ដូចដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា សហគមន៍អន្តរជាតិ បានទទួលស្គាល់ជាទូទៅ ពីគោលការណ៍ចិនតែមួយ ពោលគឺលើពិភពលោកនេះ គឺមានប្រទេសចិន តែមួយគត់ ឯតៃវ៉ាន់គ្រាន់តែជាដែនកោះមួយ របស់ប្រទេសចិនតែប៉ុណ្ណោះ ។ ជាពិសេស តៃវ៉ាន់គ្មានអាសនៈ ក្នុងអង្គការសហប្រជាជាតិនោះទេ ដែលមានន័យថា តៃវ៉ាន់ មិនមែនជារដ្ឋអធិបតេយ្យ ហើយរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន គឺតំណាងឱ្យប្រទេសចិន ទាំងមូល ក្នុងនោះបូករួមទាំងតំបន់ តៃវ៉ាន់ផងដែរ ។
អាស្រ័យហេតុនេះ មិនថាប្រទេសណាក្តី ឱ្យតែបានបង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសចិន គឺសុទ្ធតែបានប្រកាស ពីការគោរព តាមគោលការណ៍ចិន តែមួយដែលជាក្រមមូលដ្ឋាន នៃការបង្កើត ទំនាក់ទំនងផ្លូវទូតរបស់ចិន ពោលគឺប្រទេសមានចំណងការទូត ជាមួយចិនមិនអាចមានទំនាក់ទំនងផ្លូវការ ណាមួយជាមួយតំបន់តៃវ៉ាន់នោះឡើយ ។
ប៉ុន្តែគេសង្កេតឃើញថា ប្រទេសមួយចំនួនតូច ពិសេសអាមេរិកនិងសម្ព័ន្ធមិត្តម្ខាង និយាយថាគោរពអធិបតេយ្យភាព របស់ចិន គោរពគោលការណ៍ចិនតែមួយ តែម្ខាងទៀតបែរ ជាតែងយកបញ្ហាតៃវ៉ាន់ មកវាយប្រទេសចិនទៅវិញ ដូចជាពេលថ្មីៗនេះបានលើកឡើងថា« បញ្ហាតៃវ៉ាន់មិនមែនជាបញ្ហា រវាងចិននិងតៃវ៉ាន់នោះទេ តែជាបញ្ហាសកល» ទៀតផង ។ អ៊ីចឹងតើប្រទេសទាំងនេះ ដឹងថាតៃវ៉ាន់ជាចំណែកមួយរបស់ចិនទេ ? ចម្លើយគឺប្រាកដណាស់ ដឹងច្បាស់ជាងថ្ងៃទៅទៀត ។ ចុះហេតុអ្វីបានជាដឹងច្បាស់ហើយ នៅតែទទូចលូកដៃក្នុងរឿងតៃវ៉ាន់ទៀត ?
កត្តាទីមួយគឺចរិតរបស់សហរដ្ឋអាមេរិកចូលចិត្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ រហូតសឹងតែបង្គាប់បញ្ជាប្រទេសដទៃឱ្យធ្វើតាមគំនិតរបស់ខ្លួន ពោលគឺអាមេរិកបានធ្វើ«បងធំ»អស់កាលជាយូរមកហើយ អ៊ីចឹងទេមិនអនុញ្ញាតឱ្យនរណាខ្លាំងលើសខ្លួននោះឡើយ ។ ទស្សនៈ«អញជាធំ»បានដុះស្លែក្នុងផ្នត់គំនិតរបស់អ្នកនយោបាយអាមេរិកចាស់ខែចាស់ឆ្នាំមកហើយ ពួកគេយល់ថា ប្រសិនបើប្រទេសចិនបង្រួបបង្រួមជាតិដោយជោគជ័យ នោះកម្លាំងជាតិរបស់ចិននឹងរឹតតែខ្លាំងក្លាថែមទៀត ដែលប្រការនេះអាមេរិក«មិនអាចទទួលយកបានឡើយ» ។
កត្តាទីពីរគឺការប្រកួតប្រជែង ខាងភូមិសាស្ត្រនយោបាយ ។ អាមេរិកបានព្យាយាម ពង្រីករង្វង់ សម្ព័ន្ធមិត្ត ដើម្បីពង្វាតអំណាច អនុត្តរភាពតាម រយៈការលើកកម្ពស់ តួនាទីនិង ឋានៈយុទ្ធសាស្ត្ររបស់ខ្លួន ។ ចំណែកឯតៃវ៉ាន់ ជាកូនអុកមួយ សម្រាប់អាមេរិកយកធ្វើជា ដើមទុនដើម្បីរារាំង ការរីកចម្រើនរបស់ប្រទេសចិន ។ ក្នុងន័យនេះ ស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ មិនមែនជាអ្វីដែលអាមេរិកចង់ឃើញនិងចង់បាននោះទេ ព្រោះបើតំបន់នេះមានសន្តិភាពនិងស្ថិរភាព អ្នកណាទិញ អាវុធពីអាមេរិក ? ម៉្យាងទៀតបើតៃវ៉ាន់រួបរួមជាមួយចិន នោះអាមេរិកនឹងបាត់បង់ ភូមិសាស្ត្រនយោបាយដ៏សំខាន់ សម្រាប់ការដាក់គំនាប ឬប្រឈមមុខផ្ទាល់ជាមួយចិន ។
ការលើកឡើងថា បញ្ហាតៃវ៉ាន់ជា«បញ្ហាសកល» វាគ្រាន់តែជាល្បិចដើម្បីកេង ចំណេញខាងនយោបាយនិងបង្វែរ ចំណាប់អារម្មណ៍ របស់សហគមន៍អន្តរជាតិតែប៉ុណ្ណោះ ។ ចំណែកឯការលើកយកបញ្ហាឧបទ្វីបកូរ៉េមកធ្វើការប្រៀបធៀបជាមួយបញ្ហាតៃវ៉ាន់ វាជារឿងដ៏គួរឱ្យអស់សំណើច ព្រោះមិនថាបញ្ហាឧបទ្វីបកូរ៉េ ឬបញ្ហាប៉ាឡេស្ទីននិង អ៊ីស្រាអែលក្តី គឺសុទ្ធតែជាបញ្ហារវាងប្រទេស ពីរដែលមានអធិបតេយ្យ ដែលទទួលស្គាល់ ដោយអង្គការសហប្រជាជាតិ ។ ចំណែកតៃវ៉ាន់ ដែលគ្រាន់តែជាដែនកោះមួយនៃទឹកដីចិនប៉ុណ្ណោះ តើការដែលយករបស់ ដែលជាកម្មសិទ្ធិរបស់ខ្លួនមកវិញ ត្រូវសុំការអនុញ្ញាតពីអ្នកដទៃដែរមែនទេ ?
ជាធម្មតា ការដោះស្រាយបញ្ហាក្នុងគ្រួសារ គឺជារឿងផ្ទាល់ខ្លួន របស់សាមីគ្រួសារ យើងមិនអាចលូកលាន់ ឬបង្គាប់បញ្ជាគ្រួសារអ្នកដទៃនោះទេ ហើយកាន់តែមិនអាចសម្រេច ជោគវាសនារបស់អ្នកដទៃទៅទៀត ។ នេះជាសីលធម៌និង ជាច្បាប់ដែលយើងត្រូវគោរព ពោលមិនអាចបំពានបន្ទាត់ ក្រហមរបស់អ្នកដទៃឡើយ ។
គេនៅចាំបានថា កាលពីឆ្នាំ ១៩៩៩ អាមេរិកបានទម្លាក់គ្រាប់បែក នៅក្រុងកូសូវ៉ូក្រោមលេស «បង្ការកុំឱ្យកើតមានវិបត្តិមនុស្សធម៌» ដែលបណ្តាលឱ្យជនស៊ីវិល ជាង ២០០០ នាក់ស្លាប់បាត់បង់ជីវិត ។ កាលពីឆ្នាំ ២០០១ អាមេរិក បានលើកទ័ព ចូលប្រទេសអាហ្វហ្កានីស្ថាន ដោយអះអាងថាវាយបង្ក្រាបភេរវ និយម ហើយនៅ ២០ ឆ្នាំក្រោយមក ពេលដែលអាមេរិក ដកទ័ពចេញ ពីអាហ្វហ្កានីស្ថាន បានត្រឹមបន្សល់ទុក តែភាពឈឺចាប់ និងភាពខ្ទេចខ្ទាំដែលមិនអាចសាបរលាប បានដល់ប្រជាជនអាហ្វហ្កានីស្ថានប៉ុណ្ណោះ ។ កាលពីឆ្នាំ ២០០៣ អាមេរិកបានលើកទ័ពឈ្លានពាន អ៊ីរ៉ាក់ក្រោមលេសទប់ស្កាត់ការផលិត «អាវុធប្រល័យលោក» បណ្តាលឱ្យជនស៊ីវិលអ៊ីរ៉ាក់ជិត ២៥ ម៉ឺននាក់ស្លាប់បាត់បង់ជីវិត ។ ល ។
អ្វីៗទាំងនេះជាមរតកនៃអ្វីដែលអាមេរិកនិងសម្ព័ន្ធមិត្ត បានហៅថា«បញ្ហាសកល» តើការលើកឡើងថាបញ្ហាតៃវ៉ាន់ជា«បញ្ហាសកល» គឺធ្វើឡើងក្នុងចេតនាបែបណា ? សហគមន៍អន្តរជាតិ បានដឹងច្បាស់ណាស់អំពីរឿងនេះ ។ ជារួម ប្រវត្តិសាស្ត្រមិនអនុញ្ញាត ឱ្យមានការមួលបង្កាច់ តាមតែទំនើងចិត្តជាដាច់ខាត ការពិតដែលតៃវ៉ាន់ ជាចំណែកមួយរបស់ប្រទេសចិនវានឹងមិនអាចកែប្រែទេ ហើយកលឧបាយដែលប្រើតៃវ៉ាន់ ជាកូនអុកក្នុងចេតនា ទប់ស្កាត់ការវិវឌ្ឍរីកចម្រើន របស់ចិនក៏មិនអាចទៅរួចជាដាច់ខាត ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន