ព័ត៌មានអន្តរជាតិ

Update៖ កប៉ាល់ដឹកជនស៊ីវិលជាង ១.៦០០នាក់ មកពី៥០ប្រទេស កំពុងជម្លៀសពលរដ្ឋចេញពីស៊ូដង់

អារ៉ាប៊ីសាអូឌីត៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ថា កប៉ាល់ដឹកជនស៊ីវិលចំនួន ១.៦៨៧នាក់ មកពីជាង ៥០ប្រទេស បានជម្លៀសខ្លួនពលរដ្ឋចេញពីអំពើហិង្សា នៅក្នុងប្រទេសស៊ូដង់បានចូលចត ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃពុធនេះ ដែលជាកិច្ចខិតខំប្រឹងប្រែង ហើយជាការជម្លៀសដ៏ធំបំផុត ដោយព្រះរាជាណាចក្រឈូងសមុទ្រ រហូតមកដល់ពេលនេះ ។

ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត បានទទួលការជម្លៀស ជាច្រើនជុំតាមផ្លូវអាកាស និងផ្លូវសមុទ្រ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង នៅក្នុងប្រទេសដ៏ធំបំផុតទី៣ របស់ទ្វីបអាហ្រ្វិកកាលពីថ្ងៃទី១៥ ខែមេសា ដែលជាផ្នែកមួយនៃ អ្វីដែលអ្នកវិភាគពណ៌នាថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់ខ្លួន ជាតួអង្គសំខាន់ក្នុងការឆ្លើយតប ទៅនឹងវិបត្តិក្នុងតំបន់ ។

ក្រសួងបានឲ្យដឹងថា ក្រុមដែលបានមកដល់ទីក្រុងឆ្នេរសមុទ្រ Jeddah ពីកំពង់ផែស៊ូដង់នៅថ្ងៃពុធ “ត្រូវបានដឹកជញ្ជូនដោយកប៉ាល់ មួយរបស់ព្រះរាជាណាចក្រ ហើយព្រះរាជាណាចក្រមានឆន្ទៈ ក្នុងការផ្តល់នូវតម្រូវការជាមូលដ្ឋានទាំងអស់ របស់ជនបរទេសក្នុងការរៀបចំ សម្រាប់ការចាកចេញរបស់ពួកគេ” ។

ក្រសួងបានឲ្យដឹងទៀតថា វារួមបញ្ចូលទាំងជនជាតិ អារ៉ាប៊ីសាអូឌីតចំនួន១៣នាក់ ខណៈដែលនៅសល់មកពី ប្រទេសនៅទូទាំងមជ្ឈឹមបូព៌ា អាហ្វ្រិក អឺរ៉ុប អាស៊ី និងអាមេរិក ។

ក្រសួងការបរទេសឥណ្ឌូនេស៊ីបានឲ្យដឹងថា ជនជាតិចំនួន៥៦០នាក់ ត្រូវបានជម្លៀសដោយជោគជ័យពី ប្រទេសស៊ូដង់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ទោះបីជាវាមិនច្បាស់ ថាតើ ពួកគេទាំងអស់នៅលើកប៉ាល់ តែមួយដែលបានទៅដល់ Jeddah កាលពីព្រឹកថ្ងៃពុធក៏ដោយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top