វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានយល់ព្រមជាមួយសមភាគីកូរ៉េខាងត្បូង លោក Yoon Suk Yeol លើផែនការ សម្រាប់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ជូននាវាមុជទឹក នុយក្លេអ៊ែរទៅកាន់សម្ព័ន្ធមិត្ត ដ៏សំខាន់របស់ខ្លួន ជាលើកដំបូងក្នុងរយៈពេល ៤ ទសវត្សរ៍ ដែលជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងវិធានការ ទប់ស្កាត់បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ ដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង ។
លោក បៃដិន និង Yoon ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋដើម្បីរំលឹកខួបលើកទី ៧០ នៃសម្ព័ន្ធសន្តិសុខទ្វេភាគីបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីធ្វើឱ្យមានការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះវិស័យការពារជាតិរបស់កូរ៉េខាងត្បូង រួមទាំងការពង្រឹងការហ្វឹកហ្វឺនយោធា និងការបង្កើតក្រុមមន្ត្រីជាន់ខ្ពស់ ដើម្បីពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរ។
នៅក្នុងសន្និសីទសារព័ត៌មាន មួយជាមួយលោក បៃដិន បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ពួកគេនៅសេតវិមាន លោក Yoon បានសរសើរការកើនឡើង នៃការរារាំងរបស់ទីក្រុងវ៉ាស៊ីនតោន ដល់កម្រិតថ្មីមួយ និងការពង្រីកនាពេលខាងមុខនៃសន្ធិសញ្ញាសន្តិសុខទៅវិញទៅមក ចំពោះវិស័យអ៊ីនធឺណិត និងលំហអាកាស ។
លោកបានបន្ដថា “ប្រទេសរបស់យើងទាំងពីរ បានយល់ព្រមក្នុងការពិគ្រោះយោបល់ទ្វេភាគី ជាបន្ទាន់នៅក្នុងព្រឹត្តិការណ៍ នៃការវាយប្រហារ នុយក្លេអ៊ែរ របស់កូរ៉េខាងជើង ហើយបានសន្យាថា នឹងឆ្លើយតបយ៉ាង រហ័ស លើសលប់ និងដាច់ខាតដោយប្រើកម្លាំងពេញ លេញនៃសម្ព័ន្ធមិត្តរួមទាំងអាវុធ នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក” ។
នៅក្នុងការព្រមានជាថ្មីទៅកាន់កូរ៉េខាងជើង លោក បៃដិន បានលើកឡើងថា ការវាយប្រហារនុយក្លេអ៊ែរប្រឆាំង នឹងសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួនគឺ “មិនអាចទទួលយកបាន ហើយនឹងនាំឱ្យមានការបញ្ចប់ នៃរបបណាក៏ដោយ ដែលត្រូវចាត់វិធានការបែបនេះ។
វិធានការរបស់សហរដ្ឋអាមេរិក ដែលផ្តោតលើការការពារសម្ព័ន្ធមិត្ត ជាមួយនឹងអ្វីដែលហៅថា ឆ័ត្រនុយក្លេអ៊ែររបស់ខ្លួនត្រូវបានបង្កើន នៅពេលនៃការព្រួយបារម្ភ អំពីសន្តិសុខជាតិ និងប្រឈមមុខនឹងប្រទេសចិន ដែលមានការអះអាង កាន់តែខ្លាំង ដែលថ្មីៗនេះបានបង្កើនសម្ពាធ យោធាលើតៃវ៉ាន់ ។
មេដឹកនាំកូរ៉េខាងត្បូង ដែលបានឡើង កាន់តំណែងកាលពីខែឧសភា ឆ្នាំមុនបាននិយាយម្តងហើយម្តងទៀតថា សម្ព័ន្ធភាពត្រូវបានដឹកនាំដោយ “តម្លៃសកល” ដូចជាសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ ហើយវានឹងរួមចំណែកដល់សន្តិភាព និងភាពរុងរឿងនៃឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះ៕
ប្រែសម្រួល ឈូក បូរ៉ា