ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិចិន បង្ហាញវត្តមាននៅឥណ្ឌា ជាលើកដំបូង ចាប់តាំងពីការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លា នៅឆ្នាំ២០២០ បណ្ដាលឱ្យទាហានឥណ្ឌានិងចិន ២៤នាក់ស្លាប់

បរទេស៖ រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បានទៅដល់ប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល សន្តិសុខដ៏សំខាន់មួយ ចំពេលទំនាក់ទំនងកាន់តែ តានតឹងរវាងប្រទេសទាំងពីរ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Li នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ របស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅថ្ងៃសុក្រក្នុងរដ្ឋធានី Delhi ប្រទេសឥណ្ឌា។

នេះជាដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសឥណ្ឌារបស់ រដ្ឋមន្ត្រីការពារជាតិចិន ចាប់តាំងពីមានការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លា រវាងកងទ័ពរបស់ប្រទេសទាំងពីរ ក្នុងឆ្នាំ២០២០ ដែលបានបណ្ដាលឱ្យទាហានឥណ្ឌា ២០ នាក់ និងទាហានចិន ៤នាក់ ស្លាប់។

ភាគីទាំងពីរមានការប្រឈមមុខ ដាក់គ្នាផ្សេងទៀតចាប់តាំងពីពេលនោះមក ជាមួយនឹងការផ្ទុះឡើងថ្មីៗបំផុត បានកើតឡើងនៅក្នុងខែធ្នូនៅ Tawang ក្នុងរដ្ឋ Arunachal Pradesh ភាគខាងជើងឆៀងខាងកើត។

ដើមហេតុនៃភាពតានតឹងគឺព្រំដែនជម្លោះប្រវែង ៣ ៤៤០គីឡូម៉ែត្រ នៅក្នុងតំបន់ភ្នំហិមាល័យ, ទន្លេ បឹង និងផ្ទាំងទឹកកកនៅតាមបណ្តោយព្រំដែន មានន័យថាខ្សែអាចផ្លាស់ប្តូរបាន ដោយនាំទាហានប្រឈមមុខនឹងចំណុចជាច្រើន ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top