ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានព្រមានអាជ្ញាធររបស់ គណបក្សជឿនលឿនប្រជាធិបតេយ្យ (DPP) របស់កោះតៃវ៉ាន់ ប្រឆាំងនឹងការអនុញ្ញាតឱ្យ ក្រុមហ៊ុនការពារជាតិអាមេរិក ដោយប្រៀបធៀបការផ្លាស់ប្តូរទៅនឹង “ការអញ្ជើញឆ្កែចចកចូលក្នុងផ្ទះ” ។
អ្នកនាំពាក្យលោក Tan Kefei បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលធ្វើអត្ថាធិប្បាយលើ ដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុន ការពារជាតិអាមេរិក ទៅកាន់កោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Tan បានបញ្ជាក់ជាថ្មីថា បញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយមិនអនុញ្ញាតឲ្យមានការ ជ្រៀតជ្រែកពីខាងក្រៅឡើយ។ លោកបានលើកឡើងថា ក្រុមហ៊ុនការពារជាតិអាមេរិកតែងតែ ចាប់អារម្មណ៍លើការលក់អាវុធ និងការនាំចេញសង្រ្គាម និងភាពវឹកវរនៅទូទាំងពិភពលោក ដើម្បីជាថ្នូរនឹងប្រាក់ចំណេញដ៏ច្រើន ដោយលោកបានបន្ថែមថា អ្វីដែលអាជ្ញាធរ DPP បានធ្វើនឹងអូសទាញប្រជាជនតៃវ៉ាន់ ឱ្យធ្លាក់ក្នុងមហន្តរាយ។
លោក Tan បានជំរុញឱ្យភាគីសហរដ្ឋអាមេរិក យល់ឱ្យបានពេញលេញនូវ លក្ខណៈរសើបខ្លាំងនៃសំណួរតៃវ៉ាន់ និងស្ថានការណ៍ដ៏ស្មុគស្មាញ នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយត្រូវគោរពតាមគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិទាំងបីនៃ សេចក្តីថ្លែងការណ៍រួមចិន-អាមេរិក។
លោកបានជំរុញឱ្យភាគីអាមេរិក បញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការ ដែលទាក់ទងនឹងតៃវ៉ាន់ បញ្ឈប់កិច្ចព្រមព្រៀងសព្វាវុធ និងកាត់ផ្តាច់ទំនាក់ទំនង យោធាជាមួយតៃវ៉ាន់។
លោកបានសន្យាថា កងកម្លាំងប្រដាប់អាវុធចិន នឹងតាមដានស្ថានការណ៍ឆ្លងកាត់ ច្រកសមុទ្រយ៉ាងជិតស្និទ្ធ រក្សាការប្រុងប្រយ័ត្នខ្ពស់ និងចាត់វិធានការប្រឆាំងរាល់ទម្រង់ នៃការបំបែកខ្លួនសម្រាប់ “ឯករាជ្យភាពតៃវ៉ាន់” និងការជ្រៀតជ្រែកពីខាងក្រៅ ៕
ប្រែសម្រួល ឈូក បូរ៉ា