តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ថា អ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ជប៉ុន គួរតែដាក់ទណ្ឌកម្ម លើរបបយោធាមីយ៉ាន់ម៉ា ដូចដែលខ្លួនបានធ្វើសម្រាប់រុស្ស៊ី ជុំវិញការឈ្លានពានមកលើអ៊ុយក្រែន អ្នកជំនាញថ្លែងដូច្នេះដោយបានថ្កោលទោសចំពោះ “ភាពព្រៃផ្សៃ និងការគាបសង្កត់” របស់របបយោធា ។
លោក Thomas Andrews អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសមីយ៉ាន់ម៉ា ក៏បានជំរុញឱ្យប្រទេសជប៉ុន បញ្ចប់ជាបន្ទាន់នូវកម្មវិធីហ្វឹកហ្វឺន សម្រាប់កងទ័ពមីយ៉ាន់ម៉ា ដោយព្រមានថា វាកំពុងធ្វើឱ្យខូចមុខមាត់យោធា របស់ប្រទេសនេះ ។
គេបានដឹងថា ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចល ចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាល របស់មេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដោយបានបង្កឱ្យមានការប្រយុទ្ធគ្នានៅទូទាំងប្រទេស និងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះទៀតផង ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ និងអ្នកស្រុកបានឱ្យដឹងថា ការវាយប្រហារតាមអាកាស មកលើភូមិមួយនៅក្នុងចំណុចក្តៅគគុក នៃការតស៊ូក្នុងខែនេះ ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់១៧០នាក់ ។
លោក Andrews បានប្រាប់ដល់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូ នៅចុងបញ្ចប់នៃដំណើរទៅជួបមន្ត្រី និងធុរកិច្ចជប៉ុនថា “ស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានភាពរន្ធត់ និងកាន់តែអាក្រក់ទៅៗ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា