គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ទោះបីជាខ្វះខាតយន្តហោះចម្បាំង F-16 ពីលោកខាងលិចក៏ដោយ ក៏ប្រទេសរបស់លោក នឹងនៅតែបើកការវាយលុក តាមផែនការរបស់ខ្លួននៅក្នុងសង្គ្រាម ដែលកំពុងបន្តជាមួយរុស្ស៊ី។
លោក ហ្សេឡិនស្គី បានឲ្យដឹងកាន់ប្រព័ន្ធផ្សព្វផ្សាយ Scandinavian កាលពីថ្ងៃសៅរ៍ថា “វានឹងមានការវាយបក ហើយខ្ញុំគិតថាវានឹងជោគជ័យ។ ខ្ញុំមិនផ្តល់ព័ត៌មានលម្អិតទេ ។ តើយើងមានសព្វាវុធគ្រប់គ្រាន់ សម្រាប់រឿងនេះទេ? ។
លោក ហ្សេឡិនស្គី បានធ្វើការអំពាវនាវម្តង ហើយម្តងទៀត សម្រាប់សម្ព័ន្ធមិត្តលោកខាងលិចឱ្យផ្តល់យន្តហោះចម្បាំង ដើម្បីឱ្យយោធារបស់លោកបង្កើត ឧត្តមភាពផ្លូវអាកាសលើយោធារុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
ប៉ូឡូញ គឺជាប្រទេសដំបូងគេ ដែលផ្តល់យន្តហោះនៅអឺរ៉ុបខាងកើត ដោយប្រទេសអាល្លឺម៉ង់កាលពីដើមខែនេះ បានយល់ព្រមលើសំណើរបស់ប៉ូឡូញ ក្នុងការនាំចេញយន្តហោះចម្បាំងអាល្លឺម៉ង់ MiG-29 ចំនួនប្រាំគ្រឿងឡើងវិញទៅកាន់អ៊ុយក្រែន។
សារព័ត៌មាន The Kyiv Independent បានរាយការណ៍ថា រហូតមកដល់ពេលនេះ យន្តហោះ MiG-29 ចំនួន ៨គ្រឿងត្រូវបានផ្តល់ជូនដល់ប្រទេស ដែលហែកហួរដោយសង្រ្គាមមួយនេះ ពីប្រទេសប៉ូឡូញ។
ថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគីលោក Jaroslav Naď បានបញ្ជាក់ថា ប្រទេសរបស់លោកបានផ្ទេរយន្តហោះចម្បាំង MiG-29 ចំនួន ១៣គ្រឿងទៅអ៊ុយក្រែន ដែលនាយករដ្ឋមន្ត្រីស្លូវ៉ាគី Eduard Heger បានសន្យាកាលពីខែមុន។
នៅក្នុងនោះដែរ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោក ដែលបានបដិសេធមិនផ្តល់យន្តហោះ ដល់អ៊ុយក្រែនបើទោះជាមានយុទ្ធនាការដាក់សម្ពាធ ជានិរន្តរភាពក៏ដោយ ៕
ប្រែសម្រួល ឈូក បូរ៉ា