ព័ត៌មានអន្តរជាតិ

ប្រធាធិបតីចិន លោក Xi បានធ្វើអន្តរាគមន៍ដោយផ្ទាល់ នៅក្នុងកិច្ចចរចាអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់

" "

បរទេស៖ ប្រធានាធិបតីចិន លោក Xi Jinping បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយបញ្ចុះបញ្ចូលមេដឹកនាំ នៃប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ឱ្យស្តារទំនាក់ទំនងឡើងវិញ និងបញ្ចប់ជម្លោះការទូត រយៈពេលប្រាំពីរឆ្នាំរបស់ពួកគេ , នេះបើតាមការទូតជាន់ខ្ពស់ របស់ទីក្រុងប៉េកាំងបានប្រាប់កាសែត People’s Daily កាលពីថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធាននាយកដ្ឋានកិច្ចការអាស៊ីខាងលិច និងអាហ្វ្រិកខាងជើង នៃក្រសួងការបរទេសចិន លោក Wang Di បានប្រាប់កាសែត ដែលទាក់ទងជាមួយរដ្ឋាភិបាលថា លោក Xi “បានបញ្ចុះបញ្ចូលដោយផ្ទាល់មេដឹកនាំ នៃប្រទេសទាំងពីរ និងគាំទ្រអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ឱ្យបង្កើតទំនាក់ទំនងមិត្តភាព ជាអ្នកជិតខាងនឹងគ្នា”។

" "

លោក Wang បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការលើកកម្ពស់ស្ថិរភាព ក្នុងតំបន់នៅមជ្ឈិមបូព៌ាកើតឡើង ចំពេលដែល “ប្រទេសធំៗមួយចំនួននៅខាងក្រៅតំបន់ ដែលបង្កឱ្យមានអស្ថិរភាពរយៈពេលវែង” សម្រាប់អ្វីដែលគាត់បានពិពណ៌នាថាជា “ផលប្រយោជន៍ផ្ទាល់ខ្លួន” របស់ប្រទេសទាំងពីរ។ លោកក៏បានចង្អុលបង្ហាញថា ទីក្រុងប៉េកាំងនឹងក្លាយជា “អ្នកសម្របសម្រួលដោយយុត្តិធម៌” ហើយថា ខ្លួននឹងបន្តជា “អ្នកលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា”។

" "

កិច្ចពិភាក្សារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងរីយ៉ាដ មានភាពគួរឱ្យកត់សម្គាល់ដែលថា សហរដ្ឋអាមេរិកមិនជាប់ពាក់ព័ន្ធ ទោះបីជាបានដើរតួជាអ្នកការទូតដ៏សំខាន់ នៅក្នុងតំបន់អស់រយៈពេល ៧៥ឆ្នាំក៏ដោយ។

កិច្ចព្រមព្រៀងក្រុងប៉េកាំង កាលពីខែមុនរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ត្រូវបានប្រកាសថា ជាការឈ្នះគោលនយោបាយការបរទេសដ៏សំខាន់ សម្រាប់ប្រទេសចិន។

វាក៏នាំឱ្យព្រះរាជាណាចក្រមួយនេះ ចាប់ផ្តើមការចរចាសន្តិភាពដែលរៀបចំឡើង ដើម្បីបញ្ចប់ជម្លោះរយៈពេលប្រាំបីឆ្នាំនៅក្នុងប្រទេសយេម៉ែន។ វា​ក៏​បាន​បង្ហាញ​សញ្ញា​ថា «​ភាពជឿជាក់​ខាង​ការទូត​» របស់​ទីក្រុង​ប៉េកាំង​ក្នុង​តំបន់​កំពុង​ទទួលបាន​ជំហរ​រឹងមាំ​ ជាមួយនឹង​ឥទ្ធិពល​សេដ្ឋកិច្ច​របស់ខ្លួន​, នេះ​បើ​យោងតាម​ការចុះផ្សាយ ​របស់​សារព័ត៌មាន South China Morning Post ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​៕ ប្រែសម្រួលៈ ណៃ តុលា

To Top