ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន អះអាងថា លោកនឹងស្លាប់ក្នុងការប្រយុទ្ធគ្នា ជាជាងឱ្យគេចាប់ខ្លួន

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយថា លោក និងបុគ្គលិក នឹងស្លាប់ក្នុងការប្រយុទ្ធគ្នា ជាជាងឱ្យគេចាប់ជាឈ្លើយ ដោយសារកងទ័ពរុស្ស៊ីបានវាយលុក​ ទីស្នាក់ការកណ្តាលក្រុងគៀវរបស់លោក កាលពីដើមដំបូងនៃជម្លោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ហ្សលេនស្គី បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចាក់ផ្សាយ កាលពីថ្ងៃសៅរ៍ដោយប៉ុស្តិ៍ 1+1 របស់អ៊ុយក្រែនថា “ខ្ញុំដឹងពីរបៀបបាញ់កាំភ្លើង” ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានអះអាងថា លោកកាន់កាំភ្លើងខ្លី ប៉ុន្តែបានច្រានចោលការលើកឡើង របស់អ្នកសារព័ត៌មានដែលថា លោកប្រហែលជាបានប្រើកាំភ្លើងខ្លី ដើម្បីសម្លាប់ខ្លួន ជាជាងការចាប់ខ្លួន។

លោក ហ្សលេនស្គី បាននិយាយទៀតថា “ទេ ទេ ទេ” “មិនមែនជាការបាញ់សម្លាប់ខ្លួនឯងទេ គឺប្រាកដជាបាញ់តបតវិញ ហើយ»។

លោក ហ្សលេនស្គី បានពន្យល់ថា លោកនឹង “អាម៉ាស់” ប្រសិនបើលោកត្រូវបានចាប់ខ្លួន ដោយកងកម្លាំងរុស្ស៊ីដោយសំដៅ ទៅលើដំណាក់កាលដំបូងនៃជម្លោះ។ បន្ទាប់ពីទីក្រុងមូស្គូបានបើកប្រតិបត្តិការ យោធារបស់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ មន្ត្រីអ៊ុយក្រែនបានអះអាងថា កងកម្លាំងពិសេសរបស់រុស្ស៊ី បានប៉ុនប៉ងជ្រៀតចូលទីក្រុងគៀវ និងរំលោភចូលទីស្នាក់ការ ប្រធានាធិបតីនៅផ្លូវ Bankova ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍ថា “ខ្ញុំគិតថាប្រសិនបើពួកគេបានចូលទៅខាងក្នុង ចូលទៅក្នុងរដ្ឋបាល យើងនឹងមិននៅទីនេះទេ” ។ “គ្មាននរណាម្នាក់នឹងត្រូវបានគេចាប់ដាក់គុកទេ ពីព្រោះយើងមានការការពារយ៉ាងពិតប្រាកដ… យើងនឹងនៅទីនោះរហូតដល់ទីបញ្ចប់”។

លោក ហ្សលេនស្គី បាននិយាយថា ដៃគូលោកខាងលិចមួយចំនួន បានផ្តល់អនុសាសន៍ឱ្យ លោកភៀសខ្លួនចេញពីទីក្រុង គៀវ ប៉ុន្តែលោកបានបដិសេធការហោះហើរជម្លៀស របស់សហរដ្ឋអាមេរិកដើម្បីការពាររដ្ឋធានី ៕

ប្រែសម្រួលៈ ណៃ តុលា

To Top