វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានយល់ព្រមជាមួយសមភាគីហ្វីលីពីនលោក Ferdinand Marcos Jr. ដើម្បីបង្កើត “ទម្រង់កិច្ចសហប្រតិបត្តិការត្រីភាគី” ជាមួយប្រទេសជប៉ុន ប្រឆាំងនឹងផ្ទៃខាងក្រោយនៃសកម្មភាពយោធាឈ្លានពានរបស់ចិន នៅជុំវិញកោះតៃវ៉ាន់ និងផ្នែកផ្សេងទៀតនៃឥណ្ឌូប៉ាស៊ីហ្វិក។
នៅពេលដែលសហរដ្ឋអាមេរិក បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំងប្រទេសចិនពីការពង្រីក ឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់នោះ ប្រធានាធិបតី បានយល់ព្រមលើគោលការណ៍ ណែនាំការពារទ្វេភាគីថ្មី ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង នូវអន្តរប្រតិបត្តិការ នៃកងកម្លាំងរបស់ពួកគេនៅក្នុងដែនគោក សមុទ្រ ដែនអាកាស និងអ៊ីនធឺណេត បន្ទាប់ពីកិច្ចប្រជុំនៅ នេះបើតាមសេតវិមាន ។
លោក បៃដិន បានប្រាប់លោក Marcos ថាសហរដ្ឋអាមេរិក “នៅតែរឹងមាំ” នៅក្នុងការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការការពារប្រទេសហ្វីលីពីន រួមទាំងនៅក្នុងសមុទ្រចិនខាងត្បូង ដែលប្រទេសចិន បានធ្វើការទាមទារ ទឹកដីដ៏ធំទូលាយ ហើយនឹងបន្តគាំទ្រ ដល់ទំនើបកម្មនៃយោធា របស់ប្រទេសអាស៊ីអាគ្នេយ៍ ។
សេតវិមានបានប្រកាសពីផែនការផ្ទេរយន្តហោះដឹកជញ្ជូន C-130 ចំនួនបីគ្រឿង និងនាវាល្បាតបន្ថែមទៅកាន់ប្រទេសហ្វីលីពីន ដើម្បីជួយប្រទេសនេះ ធ្វើឱ្យប្រសើរឡើងនូវ សមត្ថភាពនាវាចរណ៍ និងកលល្បិច។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ដែលបើកចំហចំពោះអ្នកសារព័ត៌មាន លោក Marcos បានលើកឡើងថា ប្រទេសហ្វីលីពីនអាចនឹងប្រឈមមុខនឹង “ស្ថានភាពភូមិសាស្ត្រនយោបាយ ដ៏ស្មុគស្មាញបំផុតនៅក្នុងពិភពលោកនាពេលនេះ” ដោយសារតែបញ្ហាប្រឈមថ្មីៗ។
លោក Marcos បានបន្ដថា “វាគ្រាន់តែជារឿងធម្មជាតិប៉ុណ្ណោះ” សម្រាប់ទីក្រុងម៉ានីល ក្នុងការស្វែងរកការពង្រឹងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ដែលជាដៃគូសន្ធិសញ្ញាសន្តិសុខតែមួយគត់របស់ខ្លួន ដោយលើកឡើងពីភាពតានតឹងបន្តនៅសមុទ្រចិនខាងត្បូង។
យោងតាមមន្ត្រីហ្វីលីពីន កាលពីដើមឆ្នាំនេះ គំនិតនៃកិច្ចពិភាក្សាសន្តិសុខ ដែលពាក់ព័ន្ធនឹងទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន ត្រូវបានដាក់នៅលើតុ ៕
ប្រែសម្រួល ឈូក បូរ៉ា