ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន ព្រមានថា អាហ្វហ្គានីស្ថាន ប្រឈមនឹងវិបត្ដិមនុស្សធម៌ធំ ជាងគេបំផុត លើពិភពលោក

យូអិន ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានថា អាហ្វហ្គានីស្ថានប្រឈមមុខនឹង “វិបត្តិមនុស្សធម៌ដ៏ធំបំផុត” នៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ ខណៈពេលដែលអំពាវនាវឱ្យផ្តល់មូលនិធិបន្ថែមទៀត សម្រាប់ផែនការឆ្លើយតបមនុស្ស ធម៌របស់អង្គការសហប្រជាជាតិ។

ប្រមុខអង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់នេះ ក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋធានីដូហា ប្រទេសកាតា បន្ទាប់ពីកិច្ចប្រជុំបិទទ្វាររយៈពេលពីរថ្ងៃ ស្តីពីអាហ្វហ្គានីស្ថាន ជាមួយបេសកជនពិសេសមកពីប្រទេសជាង ២០ និងអង្គការអន្តរជាតិ រួមទាំងប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។

លោក Guterres បានលើកឡើងថា បច្ចុប្បន្ននេះ ៩៧ ភាគរយនៃចំនួនប្រជាជននៅក្នុងប្រទេសអាហ្វហ្គានីស្ថានកំពុងរស់នៅក្នុងភាពក្រីក្រ ខណៈដែល ២ ភាគ ៣ នៃចំនួនប្រជាជនត្រូវការ ជំនួយមនុស្សធម៌ ដើម្បីរស់រានមានជីវិតនៅឆ្នាំនេះ។

លោកបានព្រមានថា ផែនការឆ្លើយតបមនុស្សធម៌ របស់អង្គការសហប្រជាជាតិ ដែលស្វែងរកថវិកាចំនួន ៤,៦ពាន់លានដុល្លារអាមេរិក បានទទួលត្រឹមតែ ២៩៤លានដុល្លារប៉ុណ្ណោះ ជាមួយនឹងកង្វះខាត ៩៤ភាគរយ។

លោក Guterres ក៏បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះគឺអំពីការបង្កើត វិធីសាស្រ្តអន្តរជាតិរួមមួយ “មិនមែននិយាយអំពីការទទួល ស្គាល់អាជ្ញាធរតាលីបង់ពិតប្រាកដនោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ប្រធានអង្គការសហប្រជាជាតិរូបនេះ បានលើកឡើងថា លោកនឹងជួបជាមួយអ្នកតំណាងតាលីបង់ “នៅពេលដែលវាជាពេលវេលាត្រឹមត្រូវ ដើម្បីធ្វើដូច្នេះ” ប៉ុន្តែមិនមែនឥឡូវនេះទេ។

លោក​ក៏​បាន​រិះគន់​គោលនយោបាយ​អវិជ្ជមាន​របស់​ក្រុម ​តាលីបង់​ចំពោះ​ស្ត្រី និង​កុមារី។ ពួកតាលីបង់ ដែលជាអ្នកគ្រប់គ្រងពិតប្រាកដ នៃប្រទេសអាហ្វហ្គានីស្ថាន មិនបានបញ្ជូនអ្នកតំណាងទៅកិច្ចប្រជុំនោះទេ ដោយសារតែពួកគេមិនត្រូវបានគេអញ្ជើញ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top