បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ថា អ្នករិះគន់រដ្ឋាភិបាលឡាវ ដ៏ល្បីម្នាក់ត្រូវបានគេបាញ់សម្លាប់ ក្នុងការវាយប្រហារ កាលពីយប់ជ្រៅនៅក្នុងរដ្ឋធានី ។
លោក Anousa ‘Jack’ Luangsuphom វ័យ២៥ឆ្នាំត្រូវបានបាញ់ត្រូវចំផ្ទៃមុខ និងដើមទ្រូង ពេលកំពុងអង្គុយនៅក្នុងហាងកាហ្វេមួយកន្លែងកាលពីថ្ងៃសៅរ៍ ។
គាត់បានបើកទំព័រហ្វេសប៊ុក Kub Kluen Duay Keyboard (Driven By Keyboard) ដែលជាមនុស្សហ៊ានបញ្ចេញមតិរិះគន់ដល់អាជ្ញាធរកុម្មុយនិស្ត ។
ក្រុមសិទ្ធិមនុស្សបានថ្កោលទោសមន្ត្រី ដែលមិនទាន់បានប្រកាសពីការស៊ើបអង្កេតលើ “ការសម្លាប់ដោយឈាមត្រជាក់” ។
កាមេរ៉ាសុវត្ថិភាពបានចាប់យកសកម្មភាព នៃការវាយប្រហារ ។ វីដេអូបង្ហាញពីខ្មាន់កាំភ្លើងម្នាក់ស្លៀកពាក់អាវដៃវែងពណ៌ត្នោត និងមួកពណ៌ខ្មៅ ចូលក្នុងហាងកាហ្វេ ហើយបានបាញ់២ដងទៅលើលោក Luangsuphom ដែលអង្គុយនៅលើឥដ្ឋ មុនពេលរត់គេចខ្លួន ។
គាត់បានស្លាប់នៅតាមផ្លូវពេលគេបញ្ជូនទៅមន្ទីរពេទ្យ ។
សកម្មជនវ័យក្មេងរូបនេះ គឺជា “មនុស្សមួយរូបក្នុងចំណោមមនុស្សមួយចំនួនតូចនៅក្នុងប្រទេសឡាវ ដែលតែងតែបញ្ចេញទស្សនៈរិះគន់ដល់រដ្ឋាភិបាល” អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅកាត់ថា (HRW) បានឲ្យដឹងដូច្នេះ ។
លោក Elaine Pearson នាយកប្រចាំតំបន់អាស៊ី នៃក្រុមនេះ បានលើកឡើងថា “(នេះ) ផ្ញើសារដ៏ឈឺចាប់មួយ ដែលគ្មាននរណាម្នាក់នៅក្នុងប្រទេសឡាវ ដែលរិះគន់រដ្ឋាភិបាល មានសុវត្ថិភាពនោះទេ” ។
អង្គការ HRW ក៏បានថ្កោលទោសចំពោះ “ភាពព្រងើយកន្តើយជាក់ស្តែង” របស់រដ្ឋាភិបាលឡាវ ក្នុងការស្វែងរកយុត្តិធម៌សម្រាប់ការសម្លាប់សកម្មជនរូបនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា