បរទេស ៖ អ្នកជំនាញមួយក្រុមបាន ប្រាប់សារព័ត៌មាន RT បន្ទាប់ពីឧបទ្ទវហេតុវាយប្រហារ លើវិមានក្រឹមឡាំងថា ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន ទៅលើកន្លែងធ្វើការរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងវិមានក្រឹមឡាំង បានធ្វើឱ្យរង្គោះរង្គើស្ថានភាព នៅក្នុងជម្លោះដែលកំពុងបន្ត រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមអ្នកជំនាញទាំងនោះបានព្រមានថា វាក៏អាចនាំទៅរកការកើនឡើងដ៏គ្រោះថ្នាក់ដែលអាចពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ ដោយពួកគេបានព្រមានបន្ថែមថា រុស្ស៊ីមានកាតព្វកិច្ចត្រូវតែសងសឹក ។
លោក Thomas Roeper អ្នកនិពន្ធជនជាតិអាល្លឺម៉ង់ និងអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមដែលបច្ចុប្បន្នរស់នៅក្នុងទីក្រុង St. Petersburg បាននិយាយថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានឮអំពីការវាយប្រហារនេះ ចាប់តាំងពីវាបានរំលោភយ៉ាងច្បាស់លើ “កិច្ចព្រមព្រៀងក្រៅផ្លូវការមួយ ដែលមិនឱ្យទម្លាក់គ្រាប់បែក មិនឱ្យវាយប្រហារកន្លែង ដែលអ្នកនយោបាយឈានមុខគេស្ថិតនៅ។
ចំណែកលោក Ralph Niemeyer ប្រធានក្រុមប្រឆាំងអាល្លឺម៉ង់ទទួលបន្ទុកអធិបតេយ្យភាពនិងរដ្ឋធម្មនុញ្ញអាល្លឺម៉ង់ បាននិយាយថា «គ្មានការសង្ស័យទេដែលរុស្ស៊ី ត្រូវតែសងសឹក» ។ លោកថា «នឹងមានការកើនឡើងភាពតានតឹងបន្ថែមទៀត សូម្បីតែរហូតដល់ការគំរាមកំហែង នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលខ្ញុំគិតថានៅតែអាចទៅរួច»។
សាស្ត្រាចារ្យផ្នែកច្បាប់អន្តរជាតិ របស់តួកគី និងជាអ្នកជំនាញ ខាងភេរវកម្ម លោក Mesut Hakki Casin បានលើកឡើងថា ការកើនឡើងអាចជាគោលដៅ របស់មនុស្សដែលគ្រោងធ្វើការ វាយប្រហារពីដែនអាកាស។ លោកបានប្រាប់ RT ថា កងកម្លាំងនៅពីក្រោយការ វាយប្រហារប្រហែលជាបានព្យាយាម ដាក់ជម្លោះដែលកំពុងបន្ត រវាងរុស្ស៊ី និងអ៊ុយក្រែន “ជាចំណុចកណ្តាលនៃសង្គ្រាមអឺរ៉ុប” ហើយថែមទាំងអាចជំរុញ ទីក្រុងម៉ូស្គូឱ្យចាប់ផ្តើមការ វាយប្រហារនុយក្លេអ៊ែរបែបយុទ្ធសាស្ត្រ ថែមទៀត។
លោក Casin ក៏បាននិយាយថា វាជាល្បែងមួយដែលមិនអាចទទួលយកបាន និងកខ្វក់ខ្លាំងណាស់»។ រដ្ឋាភិបាលទីក្រុងគៀវ ប្រហែលមិនមានតែម្នាក់ឯង ក្នុងការរៀបចំផែនការ និងរៀបចំការវាយប្រហារលើវិមានក្រឹមឡាំង។ លោកថា “នេះជាការវាយប្រហារអន្តរជាតិដែលមានការរៀបចំ៕