ម៉ិកស៊ិក ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានឲ្យដឹងថា លោកបានផ្ញើលិខិតមួយច្បាប់ ទៅកាន់សមភាគីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដើម្បីអំពាវនាវឱ្យមានការយកចិត្តទុកដាក់ ចំពោះការផ្តល់ហិរញ្ញប្បទាន របស់សហរដ្ឋអាមេរិក ដល់ក្រុមប្រឆាំងម៉ិចស៊ិក ដែលលោកបានលើកឡើងថា វាស្មើនឹង “អន្តរាគមនិយម” ។
អានពីសំបុត្រក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់លោក ប្រធានាធិបតីរូបនេះ បានលើកឡើងថា ការផ្តល់ហិរញ្ញប្បទានពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) គឺ “ច្បាស់ណាស់ជាសកម្មភាពអន្តរាគមនិយម ដែលផ្ទុយនឹងច្បាប់អន្តរជាតិ និងការគោរពដែលគួរមាន រវាងប្រទេសសេរី និងអធិបតេយ្យភាព”។
លោកបានបន្តថា “ខ្ញុំប្រាកដថាអ្នកមិនបានដឹងអំពីបញ្ហានេះទេ ដូច្នេះហើយខ្ញុំសូមដោយគោរពសម្រាប់ជំនួយដ៏មានតម្លៃរបស់អ្នក” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Lopez Obrador ក៏បានលើកឡើងពីការបោះពុម្ពផ្សាយ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយកត់សម្គាល់ថា USAID គ្រោងនឹងបង្កើនថវិកាដែលផ្តល់ឱ្យក្រុមប្រឆាំងម៉ិកស៊ិក។
លិខិតចុះថ្ងៃទី ០២ ខែឧសភា ត្រូវបានផ្សព្វផ្សាយជាសាធារណៈមួយ ថ្ងៃបន្ទាប់ពីលោក Lopez Obrador បានទទួលបេសកជនរបស់លោក បៃដិន ទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ Elizabeth Sherwood-Randall នៅវិមានជាតិក្នុងទីក្រុងម៉ិកស៊ិក៕
ប្រែសម្រួល ឈូក បូរ៉ា