ព័ត៌មានអន្តរជាតិ

គណបក្សភឿថៃ ចាប់ផ្តើមវាយប្រហារ មកលើរដ្ឋាភិបាល ពេលចុះឃោសនា

បរទេស ៖ បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ គឺលោក Srettha Thavisin បាននិយាយក្នុងអំឡុងសុន្ទរកថាឃោសនា បោះឆ្នោតនៅសង្កាត់ Bang Khae នៃទីក្រុងបាងកកកាលពីថ្ងៃពុធថា គណបក្សភឿថៃ បច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពលំបាក ដោយសារតែច្បាប់ របស់រដ្ឋាភិបាលយោធា។

យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Srettha Thavisin ថា ការបោះឆ្នោតថ្ងៃទី ១៤ ឧសភា នឹងផ្លាស់ប្តូរប្រវត្តិសាស្ត្រថៃ ដោយលោកបន្ថែមថា រដ្ឋាភិបាលបច្ចុប្បន្ន បានធ្វើឱ្យខូចប្រទេសដោយការ ធ្វើរដ្ឋប្រហារយោធា កែប្រែច្បាប់ដើម្បីផ្តល់ផលប្រយោជន៍ដល់សម្ព័ន្ធមិត្ត និងតែងតាំងសមាជិកព្រឹទ្ធសភា ចំនួន ២៥០ នាក់ ដើម្បីរក្សាសិទ្ធិអំណាចរបស់ខ្លួន ។

លោកបានដាស់តឿនប្រជាជនកុំឲ្យបោះឆ្នោត ឲ្យគណបក្សចម្រុះរបស់រដ្ឋាភិបាល ខណៈគណបក្សទាំងនោះ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដែលកំពុងកាន់អំណាចម្តងទៀតគឺលោក ប្រាយុទ្ធ ចាន់អូចា ។

លោកបានបន្តថា មានវិធីតែមួយគត់ដើម្បីផ្លាស់ប្តូរប្រទេស គឺដោយបោះឆ្នោតឱ្យគណបក្សភឿថៃ ឱ្យឈ្នះភ្លូកទឹកភ្លូកដី ដើម្បីធានាបាននូវស្ថិរភាពសេដ្ឋកិច្ច និងអនាគតល្អសម្រាប់កុមារ។

បេក្ខភាពនាយករដ្ឋមន្រ្តី របស់គណបក្សភឿថៃរូបនេះ ក៏បានដាស់តឿនថែមទៀតកុំឲ្យពលរដ្ឋបោះឆ្នោតឲ្យគណបក្សនយោបាយដែលនិយាយថា ការអនុញ្ញាតឲ្យមានភាព ស្របច្បាប់កញ្ឆា នឹងធ្វើឲ្យពលរដ្ឋក្លាយជាអ្នកមាន។ លោកថា ផ្ទុយទៅវិញ ប្រជាជនគួរតែបោះឆ្នោត ឱ្យគោលនយោបាយប្រើតែកញ្ឆា-សម្រាប់ តែវេជ្ជសាស្ត្រប៉ុណ្ណោះ របស់ភឿថៃ ដោយកត់សម្គាល់ថា បទពិសោធន៍របស់គាត់ជាអ្នកជំនួញ ដែលធ្វើដំណើរច្រើនបានបង្ហាញគាត់ថា ការធ្វើស្របច្បាប់កញ្ឆាជាប់លាប់ មិនបានជួយជំរុញសេដ្ឋកិច្ចឡើយ៕

To Top