ព័ត៌មានអន្តរជាតិ

មូលនិធិសោធននិវត្តន៍ របស់ស៊ុយអែត ប្រឈមមុខ នឹងការស៊ើបអង្កេត បន្ទាប់ពីការខាតបង់ដ៏ធំ នៅក្នុងវិបត្តិធនាគារអាមេរិក

" "

ស្ដុកហូម៖ ក្រុមឃ្លាំមើលហិរញ្ញវត្ថុរបស់ប្រទេសនេះ បានឲ្យដឹងថា មូលនិធិសោធននិវត្តន៍របស់ប្រទេសស៊ុយអែត ដែលបានបាត់បង់ចំនួនច្រើន បន្ទាប់ពីការវិនិយោគនៅក្នុងធនាគារ ពិសេសរបស់សហរដ្ឋអាមេរិក ដែលក្រោយមកបានដួលរលំនឹងត្រូវស៊ើបអង្កេត។

អាជ្ញាធរត្រួតពិនិត្យហិរញ្ញវត្ថុស៊ុយអែត បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការស៊ើបអង្កេតនឹងពិនិត្យ មើលការអនុវត្តការគ្រប់គ្រងហានិភ័យរបស់ Alecta និងថាតើអ្នកផ្តល់មូលនិធិសោធននិវត្តន៍ បានគោរពតាម ច្បាប់ខាងក្រៅ និងខាងក្នុង នៅពេលវិនិយោគនៅក្នុងធនាគារ Silicon Valley ធនាគារ First Republic និងធនាគារ Signature ដែរឬទេ។

" "

Alecta ដែលគ្រប់គ្រងប្រាក់សោធននិវត្តន៍របស់បុគ្គលឯកជនចំនួន ២,៦លាននាក់ និងក្រុមហ៊ុនចំនួន ៣៥០០០ បានបាត់បង់ប្រហែល ២០ពាន់លានក្រូន័រស៊ុយអែត (១,៩ ពាន់លានដុល្លារអាមេរិក) នៅពេលដែលធនាគារ ដួលរលំកាលពីដើមឆ្នាំនេះ។

" "

លោក Jacob Lapidus ប្រធានផ្នែកទំនាក់ទំនងខាងក្រៅ និងទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ Alecta បានប្រាប់កាសែតស៊ុយអែតថា “យើងមានការគោរពពេញលេញ ចំពោះអាជ្ញាធរត្រួតពិនិត្យហិរញ្ញវត្ថុ ដែលចាប់ផ្តើមការស៊ើបអង្កេតនេះ ដោយសារនេះជាផ្នែកមួយនៃបេសកកម្មរបស់ពួកគេ ហើយជាការពិតណាស់ Alecta នឹងសហការយ៉ាងពេញលេញជាមួយអាជ្ញាធរ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top