បរទេស៖ កាសែត Corriere Della Sera បានរាយការណ៍កាលពីថ្ងៃសុក្រថា “សព្វាវុធនៅសល់មិនច្រើនទេ” នៅក្នុងឃ្លាំងស្តុកយោធារបស់ ប្រទេសអ៊ីតាលីបន្ទាប់ពីការដឹកជញ្ជូន ជំនួយចំនួនប្រាំមួយទៅកាន់ប្រទេសអ៊ុយក្រែន។ ជាមួយនឹងឧស្សាហកម្មអ៊ីតាលីត្រូវបានរុះរើ និងការផ្គត់ផ្គង់ឡើងវិញពី សហរដ្ឋអាមេរិកមិនច្បាស់លាស់ ប្រទេសនេះត្រូវបានគេរាយការណ៍ថា មានគ្រាប់រំសេវគ្រប់គ្រាន់ ដែលនៅសេសសល់សម្រាប់ការ ប្រយុទ្ធគ្នាពីរថ្ងៃទៀតប៉ុណ្ណោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយលើកឡើងពីប្រភពមួយ ក្នុងក្រសួងការពារជាតិ កាសែតបានបញ្ជាក់ថា យោធាអ៊ីតាលីបច្ចុប្បន្នកំពុងខ្វះ គ្រាប់កាំភ្លើងធំធុនធ្ងន់ និងស្រាល ដែលធ្វើឱ្យវាស្ថិតក្នុងភាពលំបាកយ៉ាងធ្ងន់ធ្ងរ។
ប្រភពបាននិយាយថា “នៅលើធ្នើរដាក់គ្រាប់មិនមានសល់ច្រើនទេ”។ យោងតាមមន្ត្រីយោធាផ្សេងទៀត ដែលបានលើកឡើង នៅក្នុងរបាយការណ៍នេះ ប្រសិនបើប្រទេសអ៊ីតាលីត្រូវបាន វាយប្រហារនៅថ្ងៃនេះ នោះអ៊ីតាលីនឹងមានគ្រាប់រំសេវគ្រប់គ្រាន់ ដើម្បីទប់ទល់ក្នុងរយៈពេលត្រឹមតែពី ៤៨ម៉ោង ទៅ ៧២ ម៉ោងតែប៉ុណ្ណោះ។
សូមជម្រាបថា បើយោងតាមវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោក ដែលជាអ្នកគិតគូររបស់អាល្លឺម៉ង់, ប្រទេសអ៊ីតាលីបានបញ្ជូនជំនួយយោធា ដល់អ៊ុយក្រែនត្រឹមតែជាង ៧២៧លានដុល្លារប៉ុណ្ណោះ ខណៈពេលដែលតួលេខនេះមានតិច បើប្រៀបធៀបទៅនឹង ៤៧ ពាន់លានដុល្លារដែលធ្វើឡើង ដោយសហរដ្ឋអាមេរិកនោះ ។ រដ្ឋាភិបាលទីក្រុងរ៉ូមក៏បានបង់ប្រាក់ចូលទៅក្នុង ‘European Peace Facility’ របស់ EU ដែលជាកម្មវិធីទិញអាវុធរួមគ្នាដែលមានតម្លៃជិត ៤ ពាន់លានដុល្លារ ៕
ប្រែសម្រួលៈ ណៃ តុលា