បរទេស៖ នាយករដ្ឋមន្ត្រីប្រទេសបែលហ្ស៊ិក លោក អាឡិកសាន់ឌ័រ ដឺ ក្រូ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប្រ៊ុចសែលនឹងផ្តល់ជំនួយ ២០០លានអឺរ៉ូ ស្មើនឹង ២២០លានដុល្លារ ដែលជាមូលនិធិរុស្ស៊ីដែលបានបង្កក ទៅដល់អ៊ុយក្រែន។ ការសន្យានេះបានធ្វើឡើងក្នុងអំឡុងពេល សន្និសីទសារព័ត៌មានរួមជាមួយសមភាគីហូឡង់លោក ម៉ាក រូតទ័រ និងប្រធានាធិបតីអ៊ុយក្រែន វ្លាឌីមៀ ហ្សេលេនស្គី ក្នុងទីក្រុងឡាអេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមលោក ដឺក្រូ, ប្រាក់មួយផ្នែកនឹងត្រូវ ចំណាយលើជំនួយយោធា ហើយប្រាក់ដែលនៅសេសសល់ នឹងយកទៅជួយដល់ជនភៀសខ្លួនអ៊ុយក្រែន។ មន្ត្រីរូបនេះបានអះអាងថា ការប្រើលុយរុស្ស៊ីដើម្បីកសាង អ៊ុយក្រែនឡើងវិញមានន័យទាំងសេដ្ឋកិច្ច និងសីលធម៌។
លោក ដឺក្រូ បញ្ជាក់ថា ចាប់តាំងពីជម្លោះនៅអ៊ុយក្រែន ចាប់ផ្តើមមក អាជ្ញាធរបែលហ្សិកបានបង្កកទ្រព្យសកម្មប្រហែល ១៨០ពាន់លានអឺរ៉ូ ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរុស្ស៊ី។
ប្រទេសបែលហ្ស៊ិកមិនមែនជាប្រទេសតែម្នាក់ឯងទេ ក្នុងការអះអាងថា រុស្ស៊ីគួរតែចំណាយសម្រាប់ការកសាងឡើងវិញអ៊ុយក្រែន។ កាលពីដើមខែនេះ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី ចាណេត យ៉ែលលែន បានបង្ហើបថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិភាក្សាជាមួយ ដៃគូអំពីរបៀបដែលទ្រព្យសម្បត្តិដែលបង្កក របស់ទីក្រុងម៉ូស្គូអាចត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ផលប្រយោជន៍ដល់ទីក្រុងគៀវ៕
ប្រែសម្រួលៈ ណៃ តុលា