បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រុមអង្គការនិងក្រុមប្រមូលផ្តុំ របស់កូរ៉េខាងត្បូងជាច្រើនបាននាំគ្នា ចូលរួមធ្វើការតវ៉ាប្រឆាំងទៅនឹង ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន មកកាន់ទីក្រុងសេអ៊ូល កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
គេសង្កេតឃើញថា ក្រុមបាតុករបានអំពាវនាវឱ្យមានការ សុំទោសរបស់ទីក្រុងតូក្យូជុំវិញអតីតកាល ពួកសកម្មប្រយុទ្ធរបស់ខ្លួន ព្រមទាំងបញ្ហាប្រឆាំងនឹង កិច្ចសហប្រតិបត្តិការយោធាកូរ៉េខាងត្បូង-ជប៉ុន និងទាមទារឱ្យដកផែនការរបស់ជប៉ុន ក្នុងការបញ្ចេញទឹកសំណល់វិទ្យុសកម្មជាដើមផង។
ក្នុងនោះផងដែរសកម្មជនមួយក្រុម មកពីសម្ព័ន្ធភាពដើម្បីសន្តិភាព និងការបង្រួបបង្រួមកូរ៉េ ឬហៅកាត់ថាSPARKបានប្រមូលផ្តុំគ្នានៅជិតការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង នៅកណ្តាលទីក្រុងសេអ៊ូល ជាកន្លែងដែលលោកនាយករដ្ឋមន្ត្រី Fumio Kishida បានជួបពិភាក្សាជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ។
គួរឲ្យដឹងដែរថានៅក្រោយ កិច្ចប្រជុំលោកនាយករដ្ឋមន្ត្រីជប៉ុនKishida បានប្រាប់សន្និសីទសារព័ត៌មាន រួមគ្នាជាមួយនឹងលោក Yoon ថាគណៈរដ្ឋមន្ត្រីរបស់លោកនឹង បន្តទទួលមរតកតំណែងនៃ គណៈរដ្ឋមន្ត្រីមុនៗទាំងមូល ទាក់ទងនឹងការយល់ឃើញជាប្រវត្តិសាស្ត្រ ដោយនិយាយថាបេះដូង របស់គាត់ឈឺចាប់ចំពោះមនុស្ស ដែលរងទុក្ខលំបាក និងសោកសៅនាពេលអតីតកាល ៕
ប្រែសម្រួល៖ ស៊ុន លី
