ក្រោយពីត្រូវដាក់ឱ្យនៅឯកោ អស់រយៈពេល ១២ ឆ្នាំ ទីបំផុតស៊ីរីបានវិលត្រឡប់ទៅកាន់មហាគ្រួសារសម្ព័ន្ធអារ៉ាប់វិញកាលពីថ្ងៃទី ៧ ខែឧសភា ។ សម្ព័ន្ធអារ៉ាប់បានសម្រេចចិត្តក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសដែលធ្វើឡើងនាថ្ងៃដដែលនោះថា ចាប់ពីថ្ងៃនេះតទៅ នឹងរៀបចំឡើងវិញ នូវនិតីសម្បទារបស់គណៈប្រតិភូរដ្ឋាភិបាល ស៊ីរី ក្នុងការចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ ក៏ដូចជាកិច្ចប្រជុំនៃអង្គការ និងស្ថាប័នទាំងអស់របស់ក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ “។
មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញថា នេះគឺជាព្រឹត្តិការណ៍ជានិមិត្តសញ្ញាមួយទៀត ក្នុងដំណើរផ្សះផ្សានៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពី អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ បានចាប់ដៃគ្នាផ្សះផ្សា នៅទីក្រុងប៉េកាំង ។
គួរំលឹកថា សម្ព័ន្ធអារ៉ាប់ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៤៥ ដែលរួមមានរដ្ឋសមាជិកសរុបចំនួន ២២ ។ ប្រទេសស៊ីរី ធ្លាប់ជាប្រទេសស្ថាបនិកមួយ ក្នុងចំណោមរដ្ឋសមាជិកស្ថាបនិក ។ បន្ទាប់ពីវិបត្តិស៊ីរីបានផ្ទុះឡើង កាលពីឆ្នាំ ២០១១ សម្ព័ន្ធអារ៉ាប់ បានបញ្ឈប់លក្ខណសម្បតិ្ត ជារដ្ឋសមាជិករបស់ស៊ីរី ហើយប្រទេសអារ៉ាប់ជាច្រើន ដូចជាអារ៉ាប៊ីសាអូឌីតជាដើម បានបិទស្ថានទូតរបស់ខ្លួនប្រចាំនៅស៊ីរី ។ ហេតុនេះហើយ ការទូតរបស់ស៊ីរី បានធ្លាក់ក្នុងសភាពឯកោ ព្រមពេលជាមួយគ្នា ស៊ីរីក៏រងការដាក់ទណ្ឌកម្ម និងគាបសង្កត់បន្ថែមទៀត ពីសហរដ្ឋអាមេរិក និងប្រទេសប៉ែកខាងលិច ផងដែរ ។
បន្ទាប់ពីរំលងអស់រយៈពេល១២ឆ្នាំ ស៊ីរី បានវិលត្រឡប់ទៅកាន់មហាគ្រួសារ សម្ព័ន្ធអារ៉ាប់វិញ តាមពិតទៅ វាគឺមិនមែនជារឿងចៃដន្យ នោះឡើយ ។
បើក្រឡេកមើលពីការវិវឌ្ឍរីកចម្រើន នៃស្ថានការណ៍មជ្ឈិមបូព៌ា អាចឃើញថា អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានចាប់ដៃផ្សះផ្សាគ្នា ក្រោមការសម្របសម្រួលរបស់ចិន ដែលបានជំរុញដោយផ្ទាល់ ឱ្យស៊ីរី វិលត្រឡប់ទៅសម្ព័ន្ធអារ៉ាប់វិញ ។ ដោយសារអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ បានគាំទ្រកម្លាំងនយោបាយ ទីទៃពីគ្នា ក្នុងវិបត្តិស៊ីរី គ្មានអ្វីគួរឱ្យសង្ស័យឡើយ ការផ្សះផ្សាគ្នារវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ បានបង្កើតឱកាសដ៏ល្អប្រសើរ សម្រាប់ការបន្ធូរបន្ថយទំនាក់ទំនង រវាងប្រទេសស៊ីរីនិងប្រទេសសម្ព័ន្ធអារ៉ាប់ ។
អ្វីដែលសំខាន់ជាងទៀត គឺ បច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតក្នុង រយៈកាលរង្គោះរង្គើ និងមានការផ្លាស់ប្តូរថ្មី ហើយប្រទេសអារ៉ាប់ ដែលបានឃើញកាន់តែច្បាស់នូវនិន្នាការ ជាទូទៅនៃពិភពលោកបាននាំគ្នា”ភ្ញាក់រលឹក” ។ ជាយូរណាស់មកហើយ សហរដ្ឋអាមេរិកបាននិងកំពុងលូតដៃចូលក្នុង កិច្ចការមជ្ឈិមបូព៌ា តាមទំនើងចិត្ត ញុះញង់ឱ្យបង្កការប្រឈមដាក់គ្នានិងការបំបែកបំបាក់ ក៏ដូចជាបង្កឱ្យកើតមានការប៉ះទង្គិចនិងសង្រ្គាមរ៉ាំរ៉ៃ ។ ប្រជាជនមជ្ឈិមបូព៌ាសម្គាល់ឃើញ កាន់តែច្បាស់ថា ចាំបាច់ត្រូវក្តាប់ជោគវាសនា របស់ប្រទេសមជ្ឈិមបូព៌ាក្នុងដៃរបស់ខ្លួន ។
ដូចប្រសាសន៍របស់លោក Ahmed Aboul-Gheit អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ ដែលលើកឡើងថា “ផលប្រយោជន៍រួមរបស់ប្រទេសអារ៉ាប់ ទាមទារឱ្យពួកយើងលែងព្រងើយកន្តើយ នឹងបញ្ហាស៊ីរីទៀតហើយ” ។ សំដៅចំពោះសម្ព័ន្ធអារ៉ាប់ ដែលបានព្រមទទួលយកប្រទេសស៊ីរី ឡើងវិញ សហគមន៍អន្តរជាតិបានសម្តែងការស្វាគមន៍ ជាទូទៅចំពោះរឿងនេះ ។
អ្នកវិភាគ បានសង្កេតឃើញថា ទង្វើដ៏ត្រឹមត្រូវបែបនេះនឹងមានអំណោយផល ដល់ស៊ីរីក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ កែលម្អសភាពការណ៍សេដ្ឋកិច្ច និងកិច្ចកសាងជាថ្មីឡើងវិញ បន្ទាប់ពីសង្គ្រាម ហើយក៏មានអំណោយផល ដល់សម្ព័ន្ធអារ៉ាប់ ក្នុងការលើកកម្ពស់សិទ្ធិបញ្ចេញមតិ លើផ្ទៃអន្តរជាតិ របស់សម្ព័ន្ធអារ៉ាប់ ក៏ដូចជាជួយប្រទេសអារ៉ាប់ ឱ្យបង្កើតជាកម្លាំងរួមខាងនយោបាយ និងដើរតួនាទីកាន់តែសំខាន់ឡើងៗ លើផ្ទៃអន្តរជាតិ ផងដែរ ដោយឡែកស្របពេលជាមួយគ្នានេះ វាមានអំណោយផលដល់ការប្រមូលផ្តុំនូវ គំនិតឯកភាពរួម សម្រាប់ដោះស្រាយវិបត្តិស៊ីរី តាមវិធីនយោបាយដើម្បីជំរុញ ការបន្ធូរបន្ថយស្ថានការណ៍ នៅមជ្ឈិមបូព៌ាថែមមួយកម្រិតទៀត ។
ជារឿងចៃដន្យណាស់គឺ នៅថ្ងៃដែលសម្ព័ន្ធអារ៉ាប់ បានប្រកាសរៀបចំឡើងវិញនូវ និតីសម្បទា ជារដ្ឋសមាជិករបស់ស៊ីរី លោក Jake Sullivan ទីប្រឹក្សាទទួលបន្ទុកកិច្ចការសន្តិសុខជាតិអាមេរិកបានបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានចុះផ្សាយដំណឹង ដោយសម្គាល់ឃើញថា ការសម្រេចចិត្តរបស់សម្ព័ន្ធអារ៉ាប់ស្តីពីការ”មិនអើពើនឹងសហរដ្ឋអាមេរិក”បានឆ្លុះបញ្ចាំងពីការថមថយចុះនៃកម្លាំងឥទ្ធិពលរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់នាំចេញប្រេងកាត ។
ពីការចាប់ដៃផ្សះផ្សាគ្នា រវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ រហូតដល់ការដែលស៊ីរី បានវិលត្រឡប់ទៅសម្ព័ន្ធអារ៉ាប់វិញ ប្រទេសមជ្ឈិមបូព៌ាបានបញ្ចេញសញ្ញា យ៉ាងច្បាស់ថា ពួកគេត្រូវការសន្តិភាព ត្រូវការអភិវឌ្ឍន៍ និងដើរតាមផ្លូវរបស់ខ្លួន ៕