យោងតាមទិន្នន័យដែលប្រកាស ដោយរដ្ឋបាលជាតិស្ថិតិចិននាពេលថ្មីៗ កន្លងទៅនេះឱ្យដឹងថា ទន្ទឹមនឹងផលប៉ះពាល់នៃជំងឺកូវីដ ១៩ បានរលាយសាបសូន្យជាសន្សឹមៗ ព្រមទាំងគោលនយោបាយនិងវិធានការ សម្រាប់ជំរុញការប្រើប្រាស់នៃតំបន់នានា របស់ប្រទេសចិនមានប្រសិទ្ធភាព និងត្រូវបានអនុវត្តជាបន្តបន្ទាប់ សក្ដានុពលនៃការប្រើប្រាស់របស់ ប្រជាជនត្រូវបានបញ្ចេញជាសន្សឹមៗ ហើយចំណាយខាងការប្រើប្រាស់ ក៏កំពុងពន្លឿនការស្តារឡើងវិញផងដែរ ។ ការវិនិយោគ ការប្រើប្រាស់និងការនាំចេញបានក្លាយជា “ក្បាលម៉ាស៊ីនទាំងបី” សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ចិន ។ តាមការផ្សាយដំណឹងនៃ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនឱ្យដឹងថា “ក្បាលម៉ាស៊ីនខាងការប្រើប្រាស់” របស់ចិនបាននិងកំពុងដំណើរការ ប្រកបដោយភាពនឹងនរដែលបាននាំមកនូវ ជំនឿចិត្តដល់សហគមន៍អន្តរជាតិ ។
ទិន្នន័យថ្មីបំផុតបានបញ្ចេញសញ្ញាវិជ្ជមាន ។ តាមការផ្សាយដំណឹងនៃទីភ្នាក់ងារ ព័ត៌មានបារំាងឱ្យដឹងថា យោងតាមទិន្នន័យសេដ្ឋកិច្ច ដែលប្រកាសដោយរដ្ឋបាលជាតិ ស្ថិតិចិននាពេលថ្មីៗកន្លងទៅនេះ បានបង្ហាញឱ្យឃើញថា នៅខែមីនា ឆ្នាំ ២០២៣ ទំហំសរុបនៃការលក់រាយទំនិញ ប្រើប្រាស់ក្នុងសង្គមរបស់ចិនបានកើនឡើង ១០,៦ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ ២០២២ នេះគឺជាការកើនឡើងវិញ ដ៏ខ្លាំងបំផុតចាប់តាំងពីខែមិថុនា ឆ្នាំ ២០២១ មក ដែលបានឆ្លុះបញ្ចាំងពីនិន្នាការ ងើបឡើងវិញនៃការប្រើប្រាស់ក្នុងគ្រួសាររបស់ចិន ។
វេបសាយវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) បានផ្សាយដំណឹងថា ទំហំសរុបនៃការលក់រាយទំនិញ ប្រើប្រាស់ក្នុងសង្គមរបស់ចិន បានរក្សានិន្នាការកើនឡើង ហើយល្បឿនកំណើនក្នុងខែមីនាបានកើនឡើង ៧,១ ភាគរយបើប្រៀបធៀបនឹងខែមករានិងកុម្ភៈ ។ ក្រោមការជំរុញនៃការប្រើប្រាស់ ផលិតផលក្នុងស្រុកសរុប (GDP) នៃត្រីមាសទីមួយឆ្នាំនេះរបស់ចិនបានកើនឡើង ៤,៥ ភាគរយ ។
ពេលថ្មីៗកន្លងទៅនេះ ទីក្សារប្រើប្រាស់ខាងទេសចរណ៍របស់ចិន ក៏ទទួលបានលទ្ធផលជាផ្លែផ្កា គួរឱ្យកត់សម្គាល់ផងដែរ ។ តាមទិន្នន័យដែលរដ្ឋាភិបាលចិន បានប្រកាសជាផ្លូវការឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក នៃទិវាពលកម្មអន្តរជាតិ ១ ឧសភាឆ្នាំនេះ ចំនួនអ្នកទេសចរក្នុងស្រុកចិនសរុបគឺ ២៧៤ លាននាក់ ដែលកើនឡើង ៧០,៨៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ គឺ សម្រេចបាននូវចំណូលទេសចរណ៍ក្នុងស្រុកចំនួន ១ សែន ៤ ម៉ឺន ៨ ពាន់ ៥៦ លានយាន់ប្រាក់ចិនដែលកើនឡើង ១២៨,៩០ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំទៅមិញ ។ ចំនួនកក់បន្ទប់សណ្ឋាគារនៃកម្មវិធី ផ្តល់សេវាកម្មទេសចរណ៍តាមអនឡាញ ពាក់ព័ន្ធបានកើនឡើងលើសពី ១០ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ ។
ក្រៅពីទីផ្សារវប្បធម៌ និងទេសចរណ៍មានភាពសន្ទុះខ្លាំងក្លា មុខរបរសេវាកម្មខាងជីវភាពរស់នៅ ដូចជាមុខរបរភោជនីយដ្ឋាន ជាដើមក៏បានស្ទុះឡើងផងដែរ ។ តាមទិន្នន័យនៃវេទិកាធុរកិច្ច អេឡិចត្រូនិកមួយបានឱ្យដឹងថា ក្នុងរយៈពេល ៣ ថ្ងៃដំបូងនៃថ្ងៃឈប់សម្រាក ទិវាពលកម្មអន្តរជាតិ ទំហំប្រើប្រាស់តាមអនឡាញ នៃមុខរបរសេវាកម្មខាងជីវភាពរស់នៅ របស់ចិនគិតជាមធ្យមក្នុងមួយថ្ងៃបានកើនឡើង ១៣៣ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ ២០១៩ ដែលបានក្លាយជាថ្ងៃឈប់សម្រាក”១ ឧសភា”ដែលទទួលបានផលចំណេញ យ៉ាងកាក់កបបំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនេះ ។ ក្រៅពីនេះ ទំហំទឹកប្រាក់សរុបនៃការលក់សំបុត្រ ភាពយន្តក្នុងអំឡុងពេលថ្ងៃឈប់សម្រាក”១ ឧសភា”គឺ លើសពី ១ ពាន់ ៥ រយលានយាន់ប្រាក់ចិន ដែលកាន់លំដាប់ថ្នាក់ទីបី នៃទំហំទឹកប្រាក់នៃការលក់សំបុត្រភាពយន្ត ក្នុងប្រវត្តិសាស្ត្រភាពយន្តចិន ក្នុងអំឡុងពេល”១ ឧសភា” ។
ប្រព័ន្ធសារព័ត៌មានអេស្ប៉ាញ បានដកស្រង់ការវិភាគរបស់អ្នកជំនាញថា កត្តាគ្រប់បែបយ៉ាងបានបង្ហាញថា ការចំណាយរបស់អ្នកប្រើប្រាស់ចិន បានកើនឡើងជាលំដាប់ដែលនឹង ជំរុញកំណើននៃផលចំណេញ របស់សហគ្រាសចិនក្នុងវិស័យ ប្រើប្រាស់ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ “ប្រការដែលអាចប៉ាន់ប្រមាណនោះគឺ ស្របពេលដែលប្រទេសចិនដាក់ ចេញវិធានការដើម្បីជំរុញការប្រើប្រាស់ ស្ថានភាពពាក់ព័ន្ធនឹងត្រូវបានកែលម្អ ថែមមួយកម្រិតទៀតក្នុងត្រីមាសទីពីរ ឆ្នាំនេះ” ។
ទន្ទឹមនឹងការងើបឡើងវិញនៃ ទីផ្សារប្រើប្រាស់របស់ចិន សហគ្រាសអន្តរជាតិជាច្រើន បានរកឃើញឱកាសពាណិជ្ជកម្ម ។ តាមការផ្សាយដំណឹងនៃកាសែត«Nihon Keizai Shimbun»របស់ជប៉ុនបានឱ្យដឹងថា ដោយសារមានការប៉ាន់ប្រមាណ ចំពោះការងើបឡើងវិញនៃ ទីផ្សារប្រើប្រាស់របស់ចិន ម៉ាកយីហោប្រណីតអន្តរជាតិកំពុង ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំឡើងវិញ នូវអាជីវកម្មរបស់ខ្លួននៅប្រទេសចិន ។ ប្រទេសចិនដែលមានទីផ្សារ ប្រើប្រាស់ទំនិញប្រណីតដ៏ធំធេងបាន ទាក់ទាញសហគ្រាលជាច្រើនមកពង្រីក អាជីវកម្មរបស់ខ្លួននៅប្រទេសចិន ។ នៅពេលមុននេះមិនជាយូរប៉ុន្មាន ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី ៣ បានសម្ពោធបើកនៅទីក្រុងហៃខូវ ខេត្តហៃណាន ប្រទេសចិន ដែលបានទាក់ទាញទំនិញប្រើប្រាស់ល្អៗជាង ៤ ពាន់នៃប្រទេសនិងតំបន់ជាង ៦០ លើទូទាំងពិភពលោកមកដាក់តាំងបង្ហាញ ហើយម៉ាកដ៏ល្បីឈ្មោះលើផ្ទៃ អន្តរជាតិនៃមុខរបរជាច្រើន គឺ ចូលរួមពិព័រណ៍ជាលើកដំបូង ។
លោក David Malpass ប្រធានធនាគារពិភពលោកបាន លើកឡើងនាពេលថ្មីៗកន្លងទៅនេះថា ឆ្នាំនេះ សេដ្ឋកិច្ចសកលបន្តមាន ភាពថមថយចុះតទៅទៀត ប៉ុន្តែប្រទេសចិននឹងជាករណីលើកលែងមួយ ។ រដ្ឋាភិបាលចិនបាននិងកំពុង លើកទឹកចិត្តមុខរបរសេវាកម្ម ជាពិសេសគឺ វិស័យសុខាភិបាលនិងការពារសុខភាព ក៏ដូចជាវិស័យទេសចរណ៍ ឱ្យបន្តរក្សាកំណើនជាប់រហូត ។ នៅឆ្នាំ ២០២៣ ល្បឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានរំពឹងថា នឹងកើនឡើងដែលមានអំណោយផល ដល់កំណើនសេដ្ឋកិច្ចសកល ។
បណ្តាប្រទេសនានាលើពិភពលោក មានតែស្វែងរកគំនិតឯកភាពគ្នា រក្សាទុកភាពខុសគ្នា បន្តបង្កើនកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក៏ដូចជាបង្កើនភាពធន់នៃការ ស្តារសេដ្ឋកិច្ចឡើងវិញឥតឈប់ឈរ នោះ ទើបសេដ្ឋកិច្ចសកលមានសង្ឃឹមវិលត្រឡប់ ទៅរកផ្លូវស្តារឡើងវិញប្រកបដោយភាពនឹងនរវិញ ៕