បរទេស ៖ គ្រាប់មីស៊ីលរបស់រុស្ស៊ី បានផ្ទុះនៅលើអាកាសលើទីក្រុងគៀវ របស់អ៊ុយក្រែន ខណៈដែលលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន បានប្រារព្ធខួប នៃជ័យជម្នះលើពួក ណាស៊ីអាល្លឺម៉ង់ ជាមួយនឹងការវាយប្រហារមួយ ផ្សេងទៀតលើអ៊ុយក្រែន។
យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងក្បួនព្យុហយាត្រាយោធា ដែលមានចំនួនយោធាគួរ ឱ្យកត់សម្គាល់នៅក្នុងទីលានក្រហម ក្នុងទីក្រុងមូស្គូ ដើម្បីអបអរជ័យជម្នះ របស់សូវៀតលើពួកណាស៊ីអាល្លឺម៉ង់ ប្រធានាធិបតីរុស្ស៊ីបាននិយាយថា “ការរស់រានមានជីវិតរបស់ប្រជាជនរុស្ស៊ី” អាស្រ័យលើសង្គ្រាម នៅអ៊ុយក្រែន ខណៈដែលលោក ពូទីន បានប្រើសុន្ទរកថាថ្ងៃជ័យជំនះរបស់គាត់ ដើម្បីការពារការឈ្លានពានរបស់ប្រទេសរុស្ស៊ី លើអ៊ុយក្រែន។
លោកពូទីនបាននិយាយនៅពេលគាត់ថ្លែងសុន្ទរកថាដ៏ក្រេវក្រោធដែលលោកបានទាក់ទាញការប្រៀបធៀបមិនពិតរវាងការប្រយុទ្ធនាពេលបច្ចុប្បន្នជាមួយ “របបឧក្រិដ្ឋកម្ម” របស់អ៊ុយក្រែន និងការបរាជ័យ របស់ណាស៊ីអាល្លឺម៉ង់ក្នុងឆ្នាំ ១៩៤៥ថា “ថ្ងៃនេះ អរិយធម៌គឺស្ថិតនៅចំណុចរបត់មួយដ៏សំខាន់ម្តងទៀត។ សង្រ្គាមពិតប្រាកដមួយត្រូវបានផ្ទុះឡើងប្រឆាំង នឹងយើងម្តងទៀត” ។ លោក ពូទីន បាននិយាយដោយឈរលើវេទិកាទីលានក្រហមថា “យើងមានមោទនភាព ចំពោះអ្នកចូលរួម នៃប្រតិបត្តិការយោធាពិសេស ។ អនាគតរបស់ប្រជាជនយើង គឺអាស្រ័យលើអ្នក” ។
បន្ថែមលើសពីនោះ លោកពូទីនក៏បានស្តីបន្ទោសលោកខាងលិចផងដែរសម្រាប់ការ “បំផ្លាញតម្លៃជាប្រពៃណី” និងការឃោសនា “ប្រព័ន្ធនៃការលួចប្លន់ និងអំពើហឹង្សា” ។
លោកប្រធានាធិបតីបាននិយាយថា “គោលដៅរបស់សត្រូវរបស់យើង ហើយគ្មានអ្វីថ្មីនៅទីនេះទេ គឺដើម្បីសម្រេចបាននូវការបែកបាក់ និងការបំផ្លិចបំផ្លាញ នៃប្រទេស របស់យើង” ដោយលោកប្រធានាធិបតី បាននិយាយដោយបញ្ចេញ សំឡេងវាយប្រហារ និងដាក់បញ្ចូលសង្រ្គាម នៅអ៊ុយក្រែនថា ជាសមរភូមិការពារ ដែលបានកើតឡើងលើប្រទេសរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ីបានស្រែកអបអរមុន ពេលចាកចេញពីវេទិកាថា “នេះគឺជាជ័យជំនះរបស់យើង!”
ទិវាជ័យជំនះ នៅពេលដែលប្រជាជនរុស្ស៊ី ប្រារព្ធការបញ្ចប់នៃអ្វីដែលពួកគេហៅថា “សង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ” ប្រឆាំងនឹងណាស៊ីអាល្លឺម៉ង់ក្នុងឆ្នាំ ១៩៤៥ បានលេចចេញជាចំណុចកណ្តាល នៃចក្ខុវិស័យរបស់លោកពូទីនអំពីអត្តសញ្ញាណរុស្ស៊ី ក្នុងរយៈពេល ២៣ ឆ្នាំនៃការកាន់អំណាចរបស់លោក៕
ប្រែសម្រួលៈ ណៃ តុលា