ព័ត៌មានអន្តរជាតិ

មេបញ្ជាការធំម្នាក់ របស់អ៊ុយក្រែន សម្រេចមិនចូលរួម កិច្ចប្រជុំណាតូ នៅប្រ៊ូសែល

បរទេស ៖ មេបញ្ជាការកំពូលរបស់ប្រទេស អ៊ុយក្រែន លោក Valery Zaluzhy ត្រូវបានគេដឹងថា បានសម្រេចចិត្តមិន ធ្វើការចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការណាតូ ដែលធ្វើឡើងកាលពីថ្ងៃពុធ នៅទីក្រុងប្រ៊ូសែលឡើយ។

ប្រធានគណកម្មការប្រចាំតំបន់លោក Rob Bauer នៃអង្គការណាតូបានលើកឡើងថា អវត្តមានរបស់លោក Zaluzhy នៅក្នុងពិធីបើក នៃកិច្ចប្រជុំនិងតាមរយៈលិខិត ដែលលោកបានទទួល ដោយមានការពន្យល់ ពីសំណាក់លោក Zaluzhny ផងថា លោកមិនអាចចូលរួមបាន ដោយសារជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន និងស្ថានភាពមិនអំណោយផល ។

មូលហេតុដែលធ្វើឲ្យ មេបញ្ជាការយោធា កំពូលរូបនេះមិនអាចចូលរួមបាន ដោយសារតែស្ថានភាពប្រតិបត្តិការយោធា ដ៏ស្មុគ្រស្មាញ ដែលមិនអាចឲ្យលោកចូលរួមកិច្ចប្រជុំ បានទាំងដោយផ្ទាល់ឬតាមវិដេអូខលក្តី។

អ៊ុយក្រែនបានរៀបចំផែនការ វាយលុកទ្រង់ទ្រាយធំប្រឆាំង នឹងកងកម្លាំងរុស្ស៊ី អស់រយៈពេលជាច្រើនខែ ប៉ុន្តែបានពន្យារ ពេលប្រតិបត្តិការ ដោយមន្ត្រីក្រុងគៀវបានត្អូញត្អែរអំពីអាកាសធាតុអាក្រក់ កង្វះគ្រាប់រំសេវ និងការស្ទាក់ស្ទើររបស់ប្រទេសលោកខាងលិច ក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំង៕

ប្រែសម្រួល៖ស៊ុនលី

To Top