ព័ត៌មានអន្តរជាតិ

អង្គការណាតូ ៖ សង្គ្រាមរុស្ស៊ី ប្រឆាំងអ៊ុយក្រែន ប៉ះពាល់ដល់ផែនការរបស់ចិន សម្រាប់កោះតៃវ៉ាន់

បរទេស ៖ នៅក្នុងការអត្ថាធិប្បាយទៅកាន់សារព័ត៌មាន CNN កាលពីថ្ងៃទី១០ ខែឧសភា លោក ស្តូលថិនប៊ើក (Stoltenberg) អគ្គលេខាធិការ អង្គការណាតូ បានសង្កត់ធ្ងន់ថា “អ្វីដែលកំពុងកើតឡើងនៅអឺរ៉ុបមានសារៈសំខាន់សម្រាប់អាស៊ី ហើយអ្វីដែលកំពុងកើតឡើងនៅអាស៊ី គឺមានសារៈសំខាន់សម្រាប់អឺរ៉ុប”។

យោងតាមសារព័ត៌មាន The New Voice ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Stoltenberg បាននិយាយថា “សន្តិសុខមានលក្ខណៈជាសកល៖ រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងឃ្លាំមើលយ៉ាងដិតដល់នូវអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន តម្លៃដែលប្រធានាធិបតីរុស្ស៊ី លោកពូទីន កំពុងបង់ ក៏ដូចជាអត្ថប្រយោជន៍ ដែលអាចកើតមាន” ។ ដូច្នេះ អ្វីដែលកំពុងកើតឡើង នៅអ៊ុយក្រែនពិតជាសំខាន់ សម្រាប់ការគណនា របស់ក្រុងប៉េកាំងទាក់ទងនឹងតៃវ៉ាន់ ជាឧទាហរណ៍ ។

មុននេះ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉ាថេស មូរ៉ាវីអេស្គី (Mateusz Morawiecki) បាននិយាយថា ការបរាជ័យរបស់អ៊ុយក្រែន អាចជំរុញឱ្យចិនវាយប្រហារកោះតៃវ៉ាន់ “នៅថ្ងៃបន្ទាប់”។

ក្រសួងការបរទេសកោះតៃវ៉ាន់ ពីមុនបានវាយតម្លៃថា ប្រទេសចិន អាចប៉ុនប៉ងឈ្លានពានកោះនេះនៅឆ្នាំ ២០២៧។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មេដឹកនាំចិន គឺប្រធានាធិបតី ស៊ី ជិនពីង បាននិយាយម្តងហើយម្តងទៀតថា លោកចង់សម្រេចបាន “ការបង្រួបបង្រួមជាប្រវត្តិសាស្ត្រ” ជាមួយកោះតៃវ៉ាន់ ។ ក្រៅពីផលប៉ះពាល់ភូមិសាស្ត្រ នយោបាយ ការឈ្លានពានរបស់ចិន លើកោះតៃវ៉ាន់ នឹងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សេដ្ឋកិច្ចពិភពលោក ដោយសារក្រុមហ៊ុនតៃវ៉ាន់ ផលិតការផ្គត់ផ្គង់មីក្រូឈីបជាសកល៕

ប្រែសម្រួលៈ ណៃ តុលា

To Top