ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ហេតុអ្វីបាន ជាពាណិជ្ជកម្មបរទេស របស់ប្រទេសចិនអាចត្រួសត្រាយ កម្លាំងចលករយ៉ាងខ្លាំងដែល “នឹកស្មានមិនដល់”?

យោងតាមទិន្នន័យ ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយចិន នៅថ្ងៃទី៩ ខែឧសភា បង្ហាញឱ្យឃើញថា ការនាំចេញរបស់ប្រទេសចិន ក្នុងខែមេសាមានចំនួន ២.០២ទ្រីលានយន់ប្រាក់ចិន ដែលកើនឡើង ១៦.៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០២២។ បើគិតតាមដុល្លារអាមេរិក ល្បឿនកើនឡើងបានឈានដល់ ៨.៥ភាគរយ។ នៅលើមូលដ្ឋាននៃការនាំចេញយ៉ាងខ្លាំងនៅខែមីនា ទិន្នន័យនាំចេញនៅខែមេសា បាន”លើសពីការព្យាករណ៍” ជាថ្មីម្តងទៀត។ ទីភ្នាក់ងារសារព័ត៌មាន AP អាមេរិកបានអះអាងថា ទោះបីជាតម្រូវការសកលបានធ្លាក់ចុះក៏ដោយ ក៏ប៉ុន្តែការនាំចេញរបស់ប្រទេសចិន បានបង្ហាញពីកម្លាំងចលករយ៉ាងខ្លាំងដែល “នឹកស្មានមិនដល់”។

នៅប៉ុន្មានថ្ងៃមុន ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍Canton)លើកទី១៣៣បានបិទបញ្ចប់ ។ ទំហំតាំងពិព័រណ៍សរុប ចំនួនសហគ្រាសដែលចូលរួម ក្នុងការតាំងពិព័រណ៍តាមអហ្វអនឡាញ និងចំនួនអ្នកចូលទស្សនាពិព័រណ៍ Canton លើកនេះ សុទ្ធតែបានបំបែកកំណត់ត្រាខ្ពស់ថ្មី ក្នុងប្រវត្តិសាស្ត្រ។ ក្នុងរយៈពេល៤ខែ ដំបូងនៃឆ្នាំ២០២៣ ទំហំនាំចេញនាំចូលសរុប របស់ប្រទេសចិនមានចំនួន ១៣.៣២ទ្រីលានយន់ប្រាក់ចិន ដែលកើនឡើង ៥.៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២។ ក្នុងនោះការនាំចេញកើនឡើង១០,៦ភាគរយ ការនាំចូលកើនឡើង០,០២ភាគរយ។

បើមើលពីទិន្នន័យពាណិជ្ជកម្មបរទេស នៃរយៈពេល៤ខែដំបូងឆ្នាំ២០២៣ រចនាសម្ព័ន្ធពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន បានត្រូវកែលំអជាបន្តបន្ទាប់។ ឧទាហរណ៍ ការនាំចេញរថយន្តបានក្លាយជា កម្លាំងចលករសំខាន់មួយ សម្រាប់ជំរុញការនាំចេញម្តងទៀត។ បើមើលពីតួរអង្គសំខាន់ៗក្នុងទីផ្សារ សហគ្រាសពាណិជ្ជកម្មបរទេសឯកជន ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ ក្នុងរយៈពេល៤ខែដំបូង ការនាំចេញនាំចូលរបស់សហគ្រាស ឯកជនបានកើនឡើង ១៥.៨ភាគរយ ខ្ពស់ជាងល្បឿនកើនឡើងជាទូទៅ ត្រូវជា៥២.៩ភាគរយនៃទំហំសរុបនៃពាណិជ្ជកម្ម បរទេសរបស់ប្រទេសចិន បានកើនឡើង៤.៦ភាគរយ បើកប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២២ ដែលបន្តរក្សាឋានៈជាតួរអង្គធំជាងគេនៃ ពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន។

ហេតុអ្វីបានជាពាណិជ្ជកម្មបរទេស របស់ប្រទេសចិនអាចត្រួសត្រាយ កម្លាំងចលករយ៉ាងខ្លាំងដែល “នឹកស្មានមិនដល់”?នេះ គឺមិនអាចឃ្លាតពីការបន្តជំរុញការ បើកចំហប្រកបដោយកម្រិតខ្ពស់ និងដាក់ចេញវិធានការលំនឹងពាណិជ្ជកម្មបរទេស ជាបន្តបន្ទាប់របស់រដ្ឋាភិបាលចិននោះឡើយ។ ចាប់តាំងពីដើមឆ្នាំ២០២៣មក រដ្ឋបាលតំបន់នានាបាននាំគ្នា ដាក់ចេញវិធានការសម្រាប់ ជំរុញការអភិវឌ្ឍពាណិជ្ជកម្មបរទេស ហើយសហគ្រាសចិនបាន “បង្កើតជាក្រុមទៅបរទេស” ដើម្បីប្រជែងជាមួយពេលវេលា ក្នុងការទទួលបានការបញ្ជាទិញ។ នៅចុងខែមេសា រដ្ឋាភិបាលចិនបានដាក់ចេញ គោលនយោបាយមួយចំនួនដែលបូករួមទាំង ការជំរុញឱ្យពិព័រណ៍តាមអហ្វអនឡាញ ក្នុងស្រុកស្តារឡើងវិញដោយគ្រប់ជ្រុងជ្រោយ ការរៀបចំសហគ្រាសរថយន្ត និងសហគ្រាសដឹកជញ្ជូននាវាចរណ៍ ទាក់ទងអតិថិជនដោយផ្ទាល់ និងការគាំទ្រសហគ្រាសពាណិជ្ជកម្មបរទេស ឱ្យត្រួសត្រាយវិធីសាស្ត្រលក់ដូរតាមរយៈទម្រង់ថ្មី ដូចជាធុរកិច្ចអេឡិចត្រូនិកឆ្លងដែនជាដើម គោលនយោបាយទាំងនេះ មានលក្ខណៈចំគោលដៅ និងភាពងាយស្រួលក្នុងការអនុវត្តយ៉ាងខ្លាំង ដែលបង្កើតលំហអភិវឌ្ឍន៍ថ្មី សម្រាប់សហគ្រាសពាណិជ្ជកម្មបរទេស។

ពេលបច្ចុប្បន្ននេះ ឱកាសថ្មីកំពុងលេចចេញឥតឈប់ឈរ។ នៅថ្ងៃទី២ ខែមិថុនា “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់” (RCEP) នឹងមានចូលជាធរមានដោយគ្រប់ ជ្រុងជ្រោយនៅរដ្ឋសមាជិកចំនួន១៥ ហើយវិញ្ញាបនបត្របញ្ជាក់ ប្រភពដើមទំនិញនៃ RCEP ត្រូវបានស្វាគមន៍ពីសហគ្រាស កាន់តែច្រើនឡើងៗ។ នេះនឹងនាំមកនូវអត្ថប្រយោជន៍ កាន់តែច្រើនដល់ “ទៅក្រៅប្រទេស” នៃសហគ្រាសពាណិជ្ជកម្ម បរទេសរបស់ប្រទេសចិន។

យើងជឿជាក់ថា ស្របពេលដែលពិព័រណ៍មួយចំនួន ក្នុងស្រុកបានប្រារពធ្វើ ការប្រាស្រ័យទៅមករវាងប្រជាជន កាន់តែមានភាពងាយស្រួល និងការឆ្នៃប្រឌិតថ្មីផ្នែកពាណិជ្ជកម្ម បន្តធ្វើឱ្យស៊ីជម្រៅជាដើម ពាណិជ្ជកម្មបរទេសរបស់ប្រទេសចិននឹង “ត្រួសត្រាយ” កម្លាំងចលករកាន់តែច្រើន ក៏ដូចជាបញ្ជូនសញ្ញាកាន់តែខ្លាំង ទៅកាន់ពិភពលោកថា សេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងបង្កើនល្បឿនងើបឡើងវិញ ៕

To Top