ម៉ិកស៊ីកូ៖ សហរដ្ឋអាមេរិកបានបណ្តេញជនចំណាកស្រុកជាង ២,៨ លាននាក់នៅច្រកព្រំដែនរបស់ខ្លួនក្នុងរយៈពេលជាង ៣ ឆ្នាំក្រោម ដែលជាការរឹតបន្តឹង ទាក់ទងនឹងជំងឺកូវដី-១៩ ដែលនឹងត្រូវផុតកំណ ត់នៅថ្ងៃព្រហស្បតិ៍ នេះបើយោងតាមអាជ្ញាធរម៉ិកស៊ិក។
ក្រសួងមហាផ្ទៃបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃពុធថា ក្នុងចំណោមមនុស្ស ២,៨២៥,៩៧០នាក់ ដែលត្រូវបានបណ្តេញចេញនោះ ភាគច្រើនត្រូវបាននិរទេស នៅព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ដោយ ៦នាក់ក្នុងចំណោម ១០នាក់ គឺជាជនជាតិម៉ិកស៊ិក ដែលមានចំនួនសរុប (១,៦៤១,៧៤៦នាក់) ។
ភាគច្រើននៃជនចំណាកស្រុក ដែលនៅសេសសល់ ដែលត្រូវបាននិរទេស នៅព្រំដែនភាគខាងត្បូង គឺមកពីប្រទេសនានារួមមានហ្គាតេម៉ាឡា ហុងឌូរ៉ាស អែលសាល់វ៉ាឌ័រ និងនីការ៉ាហ្គា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅខែមីនាឆ្នាំ២០២០ គោលនយោបាយចំណងជើងទី៤២ ត្រូវបានណែនាំ ដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលអនុញ្ញាតឱ្យមាន ការបណ្តេញជនចំណាកស្រុក យ៉ាងឆាប់រហ័ស ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ។
ខណៈពេលដែលសហរដ្ឋអាមេរិក បានអះអាងថាវិធានការនេះ មានគោលបំណងការពារប្រឆាំង នឹងការរីករាលដាលនៃមេរោគនេះ ក្រសួងបានកត់សម្គាល់ថា វាអាចនឹងធ្វើឱ្យមានការផ្ទុះឡើង កាន់តែធ្ងន់ធ្ងរដោយការ “ធ្វើឱ្យជនចំណាកស្រុករាប់ពាន់នាក់ ប្រឈមនឹងហានិភ័យកាន់តែខ្លាំង” តាមរយៈការនិរទេសយ៉ាងច្រើន។
ជាមួយនឹងការបញ្ចប់នៃចំណងជើងទី៤២ អាជ្ញាធរម៉ិកស៊ិក និងសហរដ្ឋអាមេរិករំពឹងថា នឹងមានការកើនឡើង នៃចំនួនជនចំណាកស្រុក ដែលកំពុងស្វែងរកការចូលទៅក្នុងសហរដ្ឋអាមេរិក។ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសម៉ិកស៊ិកបានឲ្យដឹងថា ខ្លួននឹងពង្រឹងជំនួយ និងការការពារកុងស៊ុលរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ដើម្បីការពារសិទ្ធិពលរដ្ឋម៉ិកស៊ិក៕ ប្រែសម្រួល ឈូក បូរ៉ា