វ៉ាស៊ីនតោន ៖ កងទ័ពអាមេរិករាប់ពាន់នាក់ កំពុងត្រូវបានដាក់ពង្រាយ តាមព្រំដែនអាមេរិក-ម៉ិកស៊ិក ប្រឈមមុខ នឹងការកើនឡើង នៃភាពចលាចល នៃជនចំណាកស្រុក ជាគោលការណ៍រឹតបន្ដឹងទី៤២ ដែលជាគោលនយោបាយ សុខភាពសាធារណៈ ដែលអនុញ្ញាត ឱ្យបណ្តេញជនចំណាកស្រុកយ៉ាង ឆាប់រហ័សក្នុងអំឡុងពេល ជំងឺរាតត្បាតកូវីដ-១៩ ឈានដល់ទីបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ។
គោលនយោបាយរឹតបន្ដឹងទី៤២ ដែលត្រូវបានណែនាំនៅក្នុងខែមីនាឆ្នាំ២០២០ ក្រោមការដឹកនាំ របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ហើយនឹងបញ្ចប់ នៅម៉ោង ១២យប់ថ្ងៃព្រហស្បតិ៍ បានបង្វែរជនចំណាកស្រុកត្រឡប់ ទៅម៉ិកស៊ិកវិញ ច្រើនជាង ២,៥ លានដងដោយ មិនអនុញ្ញាតឱ្យពួកគេស្នើសុំសិទ្ធិជ្រកកោននោះឡើយ នេះបើយោងតាមទិន្នន័យ ចុងក្រោយរបស់សហព័ន្ធ។
ទាហានឆ្មាំជាតិអាមេរិកប្រហែល ២៥០០ នាក់បានទៅព្រំដែនភាគខាងត្បូងរបស់ប្រទេសនេះរួចហើយ។ សេតវិមានបានឲ្យដឹងថា ទាហាន ១៥០០ នាក់ទៀតនឹងត្រូវបញ្ជូន ទៅទីនោះមុនដំណាច់ខែនេះ ដែលធ្វើឱ្យវត្តមានយោធាអាមេរិក នៅតាមព្រំដែនមានចំនួនសរុប ៤០០០នាក់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សំណុំនៃកងទ័ពថ្មីដំបូងមានបុគ្គលិកប្រហែល ៥៥០នាក់នឹងធ្វើដំណើរទៅក្រុង អេលប៉ាសូ រដ្ឋតិចសាស់នៅថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Greg Abbott អភិបាលរដ្ឋតិចសាស់ ក៏បានប្រកាសកាលពីថ្ងៃចន្ទថា ទាហានឆ្មាំជាតិរដ្ឋតិចសាស់រាប់រយនាក់ ដែលបំពាក់ដោយឧទ្ធម្ភាគចក្រ Black Hawk និង C-130 កំពុងត្រូវបានដាក់ពង្រាយ ទៅកាន់ចំណុចក្តៅមួយចំនួននៅតាមដងទន្លេ Rio Grande ។
ទីក្រុងជាប់ព្រំដែន រដ្ឋតិចសាស់មួយចំនួន រួមទាំងទីក្រុង អេលប៉ាសូ និង Brownsville ក្នុងចំណោមតំបន់ក្តៅៗ ថ្មីៗនេះ បានចេញសេចក្តី ប្រកាសអំពីគ្រោះមហន្តរាយ ដើម្បីទាញយកធនធានបន្ថែមទៀត ដើម្បីគ្រប់គ្រងលំហូរជនចំណាកស្រុក។
វីដេអូតាមអ៊ិនធរណេតពីព្រំដែន បង្ហាញជនចំណាកស្រុករាប់រយនាក់ រួមទាំងកុមារជាច្រើននាក់ កំពុងរង់ចាំជាជួរនៅតាមបណ្តោយច្រាំងទន្លេ Rio Grande ដើម្បីស្វែងរកសិទ្ធិជ្រកកោន នៅសហរដ្ឋអាមេរិក៕