ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវគោរពសេចក្តីប្រាថ្នារបស់ ប្រជាជននៃបណ្តាប្រទេស មជ្ឈិមបូព៌ា និងបញ្ឈប់ការទូតដោយបង្ខិតបង្ខំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹង កាលពីប៉ុន្មានថ្ងៃមុនថា “ស៊ីរី មិនសមនឹងការចូលទៅក្នុងសម្ព័ន្ធអារ៉ាប់នោះទេ ហើយយើងបន្តជឿថា យើងនឹងមិនធ្វើឱ្យ ទំនាក់ទំនងរបស់យើង ធម្មតាជាមួយរបបលោក អាសាដ ហើយយើងក៏មិន គាំទ្រសម្ព័ន្ធមិត្ត និងដៃគូរបស់យើងដែលធ្វើដូច្នេះដែរ”។ ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិក បានប្រកាសពីការសម្រេចចិត្តបន្តរបបដាក់ទណ្ឌកម្មឯកតោភាគី ប្រឆាំងនឹងស៊ីរីរយៈពេលមួយឆ្នាំបន្ថែមទៀត ដោយចាប់ផ្តើមពីថ្ងៃទី១១ ឧសភា។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅ ពេលឆ្លើយសំណួរពាក់ព័ន្ធថា “មជ្ឈិមបូព៌ាជាកម្មសិទ្ធិរបស់ប្រជាជនមជ្ឈិមបូព៌ា ហើយកិច្ចការរបស់ពួកគេ គួរតែត្រូវបានសម្រេចចិត្តដោយប្រជាជននៃមជ្ឈិមបូព៌ាដោយឯករាជ្យ” ។
លោក Wang បានលើកឡើងថា ការវិលត្រឡប់របស់ស៊ីរី ទៅកាន់សម្ព័ន្ធអារ៉ាប់ ឆ្លើយតបទៅនឹងសេចក្តីប្រាថ្នារបស់ ប្រជាជនអារ៉ាប់ ហើយអំណោយផលដល់កម្លាំង និងការរួបរួមរបស់រដ្ឋអារ៉ាប់ ក៏ដូចជាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោក Wang បានបន្ថែមថា សហរដ្ឋអាមេរិក ត្រូវតែគោរពតាមសេចក្តីប្រាថ្នារបស់ប្រជាជននៃបណ្តាប្រទេស នៅមជ្ឈិមបូព៌ា បញ្ឈប់ការបង្ខិតបង្ខំការទូត បញ្ឈប់ការរំខានដល់ដំណើរការសន្ទនា និងការផ្សះផ្សាក្នុងចំណោម បណ្តាប្រទេស មជ្ឈិមបូព៌ា និងបញ្ឈប់ភាពតានតឹងផ្នែកផលិតកម្មដើម្បីបែងចែកតំបន់មជ្ឈិមបូព៌ា៕
ប្រែសម្រួល ឈូក បូរ៉ា