ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក ​ជំរុញ​ឲ្យ​អាមេរិក ​បន្ត​ការទូត ដើម្បី​ទប់ស្កាត់​អន្តោប្រវេសន៍​ខុសច្បាប់

ម៉ិកស៊ីកូ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន បន្តការទូត និងទំនាក់ទំនង រួមទាំងជាមួយគុយបា និងវេណេហ្ស៊ុយអេឡា ជាមធ្យោបាយមួយ ដើម្បីដោះស្រាយវិបត្តិអន្តោប្រវេសន៍។

លោក Obrador បានឲ្យដឹងនៅក្នុងសន្និសីទ កាសែតប្រចាំថ្ងៃរបស់លោកថា “តើ​នឹង​អាច​រក្សា​បាន​នូវ​ភាព​សុខដុម សន្តិភាព និង​ភាព​ស្ងប់​ស្ងាត់​យ៉ាង​ណា បើ​មាន​ការ​ខ្វែង​គំនិត​គ្នា បើ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ ជាមួយ​ប្រទេស​ជិត​ខាង?

លោកបានលើកឡើងថា ដើម្បីលើកកំពស់ស្តង់ដារនៃការរស់នៅ នៅអាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន ដើម្បីកុំឱ្យប្រជាជនរបស់ពួកគេមានអារម្មណ៍ថា មានតម្រូវការធ្វើចំណាកស្រុក ក្នុងការស្វែងរកការងារ ទីក្រុងវ៉ាស៊ីនតោនគួរតែធ្វើការ ជាមួយរដ្ឋាភិបាលក្នុងតំបន់ ដើម្បីដោះស្រាយភាពក្រីក្រ និងការអភិវឌ្ឍន៍តិចតួច ។

ចំពោះបញ្ហានោះ លោក Lopez Obrador បានបន្ដថា សហរដ្ឋអាមេរិក ត្រូវតែផ្លាស់ប្តូរគោលនយោបាយ ការបរទេសរបស់ខ្លួន ជាពិសេសទាក់ទងនឹងប្រទេសដូចជាគុយបា និងវេណេស៊ុយអេឡា ដើម្បីដកទណ្ឌកម្មដែលដាក់ចេញដោយសារតែ “ឥវ៉ាន់មនោគមវិជ្ជា” និងសហការជាមួយប្រទេសទាំងនោះ ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកដ៏ធំ។

អាជ្ញាធរអាមេរិក និងម៉ិកស៊ិករំពឹងថា នឹងមានការកើនឡើងនៃជនចំណាកស្រុក ដែលធ្វើដំណើរឆ្ពោះទៅកាន់ សហរដ្ឋអាមេរិកជាមួយនឹងការបញ្ចប់ នៃគោលការណ៍រឹតបន្ដឹងទី៤២ ដែលជាការរឹតបន្តឹងទាក់ទងនឹង ជំងឺកូវីដ-១៩ ដែលប្រើជាឧបករណ៍ ដើម្បីបង្វែរជនចំណាកស្រុកត្រឡប់មកវិញ នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top