ព័ត៌មានអន្តរជាតិ

ចោរលួចឡានច្រើនពេក, ទីក្រុងជាច្រើននៅអាមេរិក បន្ទោសក្រុមហ៊ុនផលិតឡាន របស់កូរ៉េថា ផលិតឡានមកងាយស្រួល ឱ្យចោរលួច

បរទេស៖ ទីក្រុង Baltimore ក្នុង​សហរដ្ឋអាមេរិក បានប្តឹងក្រុមហ៊ុន Hyundai និង Kia ដោយលើកហេតុផលថា ក្រុមហ៊ុនរថយន្តយក្សរបស់កូរ៉េនេះ លើកទឹកចិត្តដល់ការលួច ដោយធ្វើឱ្យរថយន្តរបស់ពួកគេងាយស្រួលពេកក្នុងការលួច។ Baltimore គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងឧក្រិដ្ឋកម្មខ្ពស់ចំនួន៦ ដែលប៉ុនប៉ងបន្ទោសការកើនឡើងនៃការលួចរថយន្តលើក្រុមហ៊ុនផលិតរថយន្តទៅវិញ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អភិបាលក្រុង Baltimore លោក Brandon Scott បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយប្រកាសពីបណ្តឹងកាលពីថ្ងៃព្រហស្បតិ៍ថា ដោយការខកខានមិនបានបំពាក់រថយន្តរបស់ពួកគេជាមួយនឹង “បច្ចេកវិទ្យាការពាររថយន្តស្តង់ដារឧស្សាហកម្ម” Hyundai និង Kia បានទុកឱ្យម្ចាស់រថយន្ត “ងាយរងគ្រោះចំពោះឧក្រិដ្ឋកម្ម”។

ពាក្យបណ្តឹងបានសរសេរថា “អត្រាកើនឡើងយ៉ាងខ្លាំងនៃការលួចរថយន្ត Hyundai និង Kia នៅទីក្រុង Baltimore បានទាមទារធនធានទីក្រុង និងប៉ូលីស ដែលមិនត្រូវការ ប៉ុន្តែសម្រាប់ការបរាជ័យដោយចេតនារបស់ Hyundai និង Kia” ។ “ចោរលួចរថយន្ត ភាគច្រើនជាក្មេងជំទង់ ទាញយកអត្ថប្រយោជន៍ពីការបរាជ័យទាំងនេះ ហើយចូលរួមក្នុងការបើកបរដោយមិនប្រុងប្រយ័ត្ន បង្កើតហានិភ័យសុវត្ថិភាពយ៉ាងច្រើនដល់ខ្លួនគេ និងអ្នករស់នៅទីក្រុង Baltimore និងទ្រព្យសម្បត្តិរបស់ពួកគេ”។

សកម្មភាពផ្លូវច្បាប់ស្រដៀងគ្នានេះត្រូវបានចាត់វិធានការដោយទីក្រុង Cleveland, Milwaukee, San Diego, Columbus និង ទីក្រុង Seattle ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយអាជ្ញាធរនៅក្នុងទីក្រុងទាំងអស់នេះបានស្តីបន្ទោសការកើនឡើងនៃការលួចរថយន្តទៅលើក្រុមហ៊ុនផលិតរបស់កូរ៉េ។

យោងតាមស្ថិតិប៉ូលីសបានឱ្យដឹងថា ការលួចរថយន្តបានកើនឡើង ៩៥ភាគរយ នៅឆ្នាំនេះ នៅទីក្រុង Baltimore ដោយក្រុមហ៊ុន Hyundais និង Kias តំណាងឱ្យ ៤១ភាគរយ នៃរថយន្តដែលត្រូវបានលួចទាំងអស់។ អភិបាលក្រុង Scott បានស្តីបន្ទោសការកើនឡើងយ៉ាងខ្លាំងនៅលើវីដេអូ TikTok ដែលបង្ហាញពីចោរដែលអាចប្លន់បានយ៉ាងងាយស្រួលនូវរថយន្តសេដ្ឋកិច្ចទាំងនេះដោយប្រើឧបករណ៍ដូចជា ទួណឺវីស ឬខ្សែសាក USB ។

ក្រុមហ៊ុន Hyundai ដែលជាម្ចាស់ក្រុមហ៊ុន Kia ផងដែរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានផ្តល់ការអាប់ដេតកម្មវិធីឥតគិតថ្លៃដល់ម៉ូដែលមួយចំនួនដែលត្រូវបានគេលួចច្រើនបំផុតរបស់ខ្លួន ហើយបានដឹកជញ្ជូនសោរចង្កូតជាង ៤០ ០០០សោរ ទៅកាន់ភ្នាក់ងារអនុវត្តច្បាប់នៅទូទាំងសហរដ្ឋអាមេរិកសម្រាប់ចែកចាយដល់ម្ចាស់ឡាន៕

ប្រែសម្រួលៈ ណៃ តុលា

To Top