ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន គឺជាជនរងគ្រោះនៃការបង្ខិតបង្ខំ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ហើយបានជំរុញឱ្យប្រទេស G7 បញ្ឈប់ការចូលរួមក្នុង “រង្វង់តូច” ផ្តាច់មុខ និងជៀសវាងពីការក្លាយជាអ្នកសមគំនិត ចំពោះការបង្ខិតបង្ខំសេដ្ឋកិច្ចនេះ។
អ្នកនាំពាក្យក្រសូងការបរទេសចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗ ដែលសមាជិក G7 ត្រូវបានគេចោទប្រកាន់ថា នឹងប្រកាសការឆ្លើយតបរួមគ្នាចំពោះ “ការបង្ខិតបង្ខំសេដ្ឋកិច្ច” ដើម្បីបញ្ជូនសញ្ញាមួយទៅកាន់ប្រទេសចិន។
និយាយអំពីការបង្ខិតបង្ខំសេដ្ឋកិច្ច លោក Wang បានលើកឡើងថា ប្រទេសដំបូងដែលគួរតែត្រូវបានថ្កោលទោស គឺប្រហែលជាសហរដ្ឋអាមេរិក។ លោកបានបន្ដថា សហរដ្ឋអាមេរិក មានពេលម្តងហើយម្តងទៀតបានពង្រីកគំនិតនៃសន្តិសុខជាតិ ការបំពានការគ្រប់គ្រងលើការនាំចេញ និងអនុវត្តការរើសអើង និងលម្អៀងប្រឆាំងនឹងសហគ្រាសបរទេស ដែលបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌។
ដោយលើកឡើងពីស្ថិតិពាក់ព័ន្ធទាក់ទងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសដទៃទៀត លោក Wang បានកត់សម្គាល់ថា គិតត្រឹមឆ្នាំសារពើពន្ធ ២០២១ ទណ្ឌកម្មច្រើនជាង ៩៤០០ ដែលដាក់ដោយសហរដ្ឋអាមេរិកត្រូវបានអនុវត្ត។
លោកបានបន្ថែមថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឯកតោភាគីលើប្រទេសជិត ៤០ ជុំវិញពិភពលោក ដែលប៉ះពាល់ដល់ជិតពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក បានបញ្ជាក់ទៀតថា សមាជិកផ្សេងទៀតនៃ G7 ក៏ពិបាកក្នុងការគេចចេញពីការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច និងការសម្លុតរបស់សហរដ្ឋអាមេរិក ដោយលើកឡើងពីការគាបសង្កត់របស់សហរដ្ឋអាមេរិក លើក្រុមហ៊ុន Toshiba របស់ជប៉ុន ក្រុមហ៊ុន Siemens របស់អាល្លឺម៉ង់ និងក្រុមហ៊ុន Alstom នៃប្រទេសបារាំង ដែលប្រទេសទាំងអស់សុទ្ធតែជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។
លោកបានអះអាងថា “ប្រសិនបើកិច្ចប្រជុំកំពូល G7 នឹងដាក់ “ការដោះស្រាយជាមួយនឹងការបង្ខិតបង្ខំសេដ្ឋកិច្ច” នៅក្នុងរបៀបវារៈនោះ ខ្ញុំស្នើឱ្យពួកគេពិភាក្សាជាមុនអំពីអ្វីដែលសហរដ្ឋអាមេរិកបានធ្វើ នៅពេលដែលភាគីជប៉ុនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 តើវាក៏អាចបង្ហាញពីភាពអយុត្តិធម៌ខ្លះ ចំពោះសហរដ្ឋអាមេរិក ក្នុងនាមប្រទេសសមាជិកផ្សេងទៀត ដែលបានទទួលរងការគំរាមកំហែងពីសហរដ្ឋអាមេរិកដែរទេ?៕
ប្រែសម្រួល ឈូក បូរ៉ា