ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់មនុស្សជិត ៧០០នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នា នៅស៊ូដង់

កាធុម៖ យ៉ាងហោចណាស់មនុស្ស ៦៧៦ នាក់ត្រូវបានសម្លាប់ដោយសារតែ ការប៉ះទង្គិចគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) នេះបើយោងតាមរបាយការណ៍ របស់ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួល កិច្ចការមនុស្សធម៌ (OCHA) ។

ប្រភពពី OCHA បានឲ្យឹងថា “ការប៉ះទង្គិចគ្នារវាង កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សបានបន្តរយៈពេល ៣០ថ្ងៃជាប់ៗគ្នា ជាពិសេសនៅក្នុង និងជុំវិញទីក្រុងកាធុម ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៦៧៦ នាក់ និងរបួស ៥៥៧៦ នាក់” ។

យោងតាមរបាយការណ៍ មនុស្សជាង ៩៣៦០០០ នាក់ត្រូវបានផ្លាស់ទីលំនៅថ្មី ដោយជម្លោះចាប់តាំងពីថ្ងៃទី១៥ ខែមេសា រួមទាំងប្រហែល ៧៣៦២០០នាក់ ផ្លាស់ទីលំនៅខាងក្នុង និងប្រហែល ២០០០០០នាក់ បានភៀសខ្លួននៅប្រទេសជិតខាង។

ចាប់តាំងពីការប៉ះទង្គិចគ្នាបានផ្ទុះឡើង នៅពាក់កណ្តាលខែមេសា អ្នកស្រុកនៃរដ្ឋធានីកាធុម នៃប្រទេសស៊ូដង់ បានទទួលរងនូវការខ្វះខាត ស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ជាពិសេសបន្ទាប់ពីរោងចក្ររាប់សិបត្រូវបានលួច និងដុតបំផ្លាញចោល។

យោងតាមអង្គការសហប្រជាជាតិ វាត្រូវបានគេប៉ាន់ប្រមាណថា ប្រជាជនស៊ូដង់ប្រហែល ១៥,៨លាននាក់ ឬប្រហែលមួយភាគបី នៃចំនួនប្រជាជនស៊ូដង់ នឹងត្រូវការជំនួយមនុស្សធម៌នៅឆ្នាំ២០២៣ ហើយតួលេខនេះទំនងជាកើនឡើង ជាលទ្ធផលនៃសង្គ្រាម។

កាលពីថ្ងៃទី១១ ខែឧសភា ភាគីជម្លោះស៊ូដង់ បានចុះហត្ថលេខានៅទីក្រុងកំពង់ផែ Jeddah អារ៉ាប៊ីសាអូឌីត នូវសេចក្តីប្រកាសនៃការប្តេជ្ញាចិត្ត ដើម្បីការពារជនស៊ីវិលស៊ូដង់ ដើម្បីជួយសម្រួលដល់ការ ផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ និងធានាការជម្លៀសជនស៊ីវិល ប្រកបដោយសុវត្ថិភាព ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top