ព័ត៌មានអន្តរជាតិ

ហេតុការណ៍បាញ់ប្រហារថ្មីបំផុត ​នៅអាមេរិក, ខ្មាន់កាំភ្លើងវ័យ១៨ឆ្នាំ បាញ់សម្លាប់មនុស្ស៣នាក់ និងរបួស៦នាក់ ដោយប្រើកាំភ្លើង៣ដើម

បរទេស៖ ខ្មាន់កាំភ្លើងអាយុ ១៨ឆ្នាំម្នាក់ បានបាញ់សម្លាប់មនុស្ស យ៉ាងហោចណាស់ ៣ នាក់ និងរបួស ៦ នាក់ទៀត រួមទាំងមន្ត្រីប៉ូលីសពីរនាក់ផងដែរ នៅក្នុងការបាញ់ប្រហារដ៏ធំថ្មីបំផុត របស់អាមេរិក។ ប៉ូលិសបាននិយាយថា ឧប្បត្តិហេតុនេះកើតឡើង នៅភាគពាយព្យ នៃរដ្ឋ New Mexico ហើយបានបញ្ចប់នៅពេលដែលជនសង្ស័យតែម្នាក់ឯងត្រូវបានបាញ់សម្លាប់ដោយមន្រ្តីឆ្លើយតប។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ការបាញ់សម្លាប់នេះ បានកើតឡើងកាលពីថ្ងៃចន្ទនៅក្នុងទីក្រុង Farmington ដែលមានប្រជាជនប្រហែល ៤៦ ០០០ នាក់នៅក្នុងតំបន់ Four Corners ដែលជាកន្លែងដែលព្រំដែនរដ្ឋ New Mexico, Arizona, Utah និង Colorado ។ ប៉ូលិសមិនបានផ្តល់ព័ត៌មានលម្អិត អំពីអ្នកបាញ់ប្រហារនោះ ក្រៅពីអាយុ និងភេទរបស់គាត់នោះទេ។

សាលារៀននៅក្នុងតំបន់ ត្រូវបានបិទទ្វារនៅម៉ោង ១១ និង១៥នាទី ព្រឹក ខណៈដែលប៉ូលិសបានឆ្លើយតប ទៅនឹងការបាញ់កាំភ្លើង បានសម្រុកចូលផ្ទះ និងព្រះវិហារ។ មេប៉ូលិស ទីក្រុង Farmington លោក Steve Hebbe បាននិយាយថា ប៉ុន្មាននាទីបន្ទាប់ពីមន្ត្រីដំបូងបានមកដល់កន្លែងកើតហេតុ ខ្មាន់កាំភ្លើងត្រូវបានបាញ់ប្រហារ ហើយបទបញ្ជាបិទកន្លែងកើតហេតុ ត្រូវបានដកចេញប្រហែលជិតពីរម៉ោងក្រោយ បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន បានសន្និដ្ឋានថា មិនមានជនសង្ស័យផ្សេងទៀត ពាក់ព័ន្ធនោះទេ។

លោក Hebbe បាននិយាយថា ខ្មាន់កាំភ្លើងហាក់ដូចជាកំពុងបាញ់ទៅលើអ្វី ដោយមិនកំណត់គោលដៅ បុគ្គលជាក់លាក់ណាមួយ ផ្ទះ ឬព្រះវិហារ។ ជនសង្ស័យបានបាញ់ ទៅលើផ្ទះចំនួន៦ខ្នង និងរថយន្ត៣គ្រឿង ដោយប្រើអាវុធយ៉ាងតិច៣ដើម រួមទាំងកាំភ្លើងវែងប្រភេទ AR-15 មួយដើមផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top