ប៉េកាំង៖ ពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ គឺជាចក្ខុវិស័យវិជ្ជមាន ប៉ុន្តែនៅពេលដែលនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានបង្ហាញចំណុចខ្លាំង កាលពីថ្ងៃចន្ទថា លោកបានសន្យាថា នឹងលើកកម្ពស់សំណើ នៅក្នុងកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅចុងសប្តាហ៍នេះ អ្នកសង្កេតការណ៍មួយចំនួន មានការសង្ស័យ មានភាពផ្ទុយគ្នា និងការលាក់ពុត។
លោក គីស៊ីដា ទំនងជានឹងអំពាវនាវឱ្យ រដ្ឋនានា កាត់បន្ថយការស្តុកទុកនុយក្លេអ៊ែរ របស់ពួកគេ និងបង្ហាញព័ត៌មាន ស្តីពីការផលិតសម្ភារៈប្រេះស្រាំដូចជា អ៊ុយរ៉ាញ៉ូម និងប្លាតូនីញ៉ូម ដែលចម្រាញ់ បានខ្ពស់ក្នុងអំឡុងពេល កិច្ចប្រជុំកំពូលនេះ កាសែតជប៉ុនថាមស៍ បានរាយការណ៍កាលពីថ្ងៃអង្គារ។
យោងតាមកាសែត The Yomiuri Shimbun បានចុះផ្សាយថា “វាមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ដែលមេដឹកនាំ G7 និងប្រទេស ដែលបានអញ្ជើញកំពុងប្រមូលផ្តុំគ្នានៅកន្លែងនិមិត្តរូប នៃការសន្យា ដើម្បីសន្តិភាព” ។
វាស្តាប់ទៅពិតជាល្អណាស់។ តើជប៉ុនមានការប្ដេជ្ញាចិត្តយ៉ាងពិតប្រាកដក្នុងការលើកកម្ពស់ពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ ដែរឬទេ? ដោយសារវាទាំងពីរមានការស្ទាក់ស្ទើរក្នុងការបញ្ចេញឈ្មោះថា អ្នកណាជាអ្នកបាញ់អាវុធនុយក្លេអ៊ែរ និងមូលហេតុ ដែលវាបាញ់បង្ហោះនោះ មានមនុស្សមួយចំនួនតូចមានអារម្មណ៍ថា ប្រទេសជប៉ុន គ្រាន់តែទាញយកអត្ថប្រយោជន៍ពីវេទិកា G7 ដើម្បីលាងជម្រះប្រវត្តិសាស្ត្ររបស់ខ្លួន និងបង្ហាញខ្លួនឯងថា ជាជនរងគ្រោះ ក្នុងគោលបំណងកែលម្អ ភាពអនុគ្រោះអន្តរជាតិ និងស្ថានភាពសកលរបស់ខ្លួន។ គំនិតនៃពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ គឺគ្រាន់តែជាស្លឹកល្វា ដើម្បីបិទបាំងភាពលាក់ពុតរបស់ខ្លួន។
តាមរយៈការផ្សព្វផ្សាយរបៀបវារៈនៃពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ ជប៉ុនគ្រាន់តែព្យាយាមដណ្តើមយកចំណុចខ្ពស់ខាងសីលធម៌។ ជាការពិត ជប៉ុនគឺជាប្រទេសតែមួយគត់ ដែលបានទទួលរងការវាយប្រហារនុយក្លេអ៊ែរ ប៉ុន្តែតើរូបភាពទាំងមូលនៃប្រវត្តិសាស្ត្រនោះជាអ្វី? រូបភាពទាំងមូលគឺ – ប្រទេសជប៉ុន គឺជាជនល្មើសដ៏ឃោរឃៅបំផុត និងធំបំផុតនៅអឌ្ឍគោលខាងកើតកំឡុងសង្គ្រាមលោកលើកទីពីរ។
ជប៉ុនបាននាំមកនូវគ្រោះមហន្តរាយដល់ប្រទេសផ្សេងទៀត ដែលនៅទីបំផុតបានត្រលប់មកវិញ។ លោក Yang Xiyu អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាអន្តរជាតិចិនបានប្រាប់ Global Times ថា មានតែការយល់ដឹងត្រឹមត្រូវអំពីប្រវត្តិសាស្ត្រប៉ុណ្ណោះ ទើបប្រទេសជប៉ុន មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការលើកកម្ពស់ពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ។
លោក Wang Guangtao អ្នកស្រាវជ្រាវសហការីនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាជប៉ុននៃសាកលវិទ្យាល័យ Fudan ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានប្រាប់ Global Times ថា “ប្រទេសជប៉ុន គឺជាជនល្មើសទាំងក្នុងប្រវត្តិសាស្ត្រ និងបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត ជប៉ុនកំពុងបង្ហាញខ្លួនឯងម្ខាងជាជនរងគ្រោះ ម្ខាងទៀតកំពុងបោះចោលទឹកកខ្វក់នុយក្លេអ៊ែរទៅក្នុងសមុទ្រ នាំមកនូវហានិភ័យ និងគ្រោះថ្នាក់ ដែលមិនស្គាល់ដល់ប្រទេសក្នុងតំបន់ និងពិភពលោក ភាពផ្ទុយគ្នាគឺគួរឱ្យអស់សំណើចណាស់” ។
អ្វីដែលកាន់តែលាក់ពុតនោះគឺថា ខណៈពេលដែលប្រទេសជប៉ុន លើកបដានៃពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ ហើយធ្វើពុតថា នឹងខិតខំដើម្បីភាពល្អ សម្រាប់ពិភពលោកនោះ ខ្លួនកំពុងប្រញាប់ប្រញាល់ឆ្ពោះទៅមុខលើផ្លូវនៃការពង្រីកយោធា។
នៅខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលលោក គីស៊ីដា បានអនុម័ត ឯកសារយុទ្ធសាស្ត្រថ្មីចំនួន៣ ដែលបានបោះបង់ចោល គោលនយោបាយ “តម្រង់ទិសការពារទាំងស្រុង” របស់ខ្លួន។ វាស្វែងរកការបង្កើនការចំណាយលើវិស័យការពារជាតិដល់ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៧ ដោយធ្វើឱ្យប្រទេសជប៉ុន មានភាពស្មើគ្នាជាមួយនឹងស្តង់ដារចំណាយ លើវិស័យការពារជាតិរបស់អង្គការណាតូ។
នេះនឹងផ្តល់ឱ្យប្រទេសជប៉ុននូវថវិកាការពារជាតិធំជាងគេទី៣ នៅលើពិភពលោក។ មិនមែនសំដៅថា លោក គីស៊ីដា បាននិងកំពុងបំភាន់យ៉ាងសកម្ម “អ៊ុយក្រែនថ្ងៃនេះ អាស៊ីបូព៌ានៅថ្ងៃស្អែក” និងជំរុញកិច្ចសហប្រតិបត្តិការជាមួយណាតូ៕
ប្រែសម្រួល ឈូក បូរ៉ា