ព័ត៌មានអន្តរជាតិ

លោក បៃដិន ធ្វើដំណើរទៅកាន់ហ៊ីរ៉ូស៊ីម៉ា សម្រាប់កិច្ចប្រជុំ G-7 ផ្ដោតសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ការរំសាយអាវុធនុយក្លេអ៊ែរ ការលើកកម្ពស់ សណ្តាប់ធ្នាប់ អន្តរជាតិផ្អែកលើច្បាប់ និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ​ បៃដិន បានធ្វើដំណើរទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ដើម្បីចូលរួមកិច្ចប្រជុំកំពូល ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន ទាំង៧ (G-7) នៅឆ្នាំនេះ ដោយកាត់បន្ថយការធ្វើដំណើរ រយៈពេលមួយសប្តាហ៍ដំបូង របស់លោក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈដែលលោកត្រូវការបន្តការចរចា ក្នុងស្រុកឆ្ពោះទៅរក ការបញ្ចៀសការមិនធ្លាប់មានពីមុនមក។

លោកនឹងក្លាយជាប្រធានាធិបតីអាមេរិកទីពីរ បន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា ទៅទស្សនាទីក្រុងភាគខាងលិចប្រទេសជប៉ុន ជាកន្លែង ដែលការវាយប្រហារដោយគ្រាប់បែកបរមាណូ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ត្រូវបានធ្វើឡើងដោយ សហរដ្ឋអាមេរិក ក្នុងថ្ងៃបិទបញ្ចប់នៃសង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ១៩៤៥។

លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានថា “តួនាទីរបស់អាមេរិក នៅក្នុងពិភពលោក គឺមានសារៈសំខាន់ ជាពិសេសនៅពេលនេះ នៅពេលដែលយើងធ្វើការរួមគ្នាជាមួយប្រទេសដទៃទៀត ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន និងទទួលយកបញ្ហាប្រឈម ដែលទាមទារកិច្ចសហប្រតិបត្តិការអន្តរជាតិ ចាប់ពីការដោះស្រាយវិបត្តិអាកាសធាតុ រហូតដល់ការពង្រឹងសេដ្ឋកិច្ចពិភពលោក” ។ លោក បៃដិន បានចាកចេញពីសេតវិមាន ដើម្បីឡើងយន្តហោះ Air Force One នៅឯមូលដ្ឋានរួម Andrews ក្នុងរដ្ឋ Maryland ។

មួយថ្ងៃបន្ទាប់ពីបានកាត់បន្ថយការធ្វើដំណើរ ដែលបានគ្រោងទុករបស់លោក ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីផ្តោតលើកិច្ចពិភាក្សាជុំវិញបញ្ហាជំពាក់បំណុលនោះ លោក បៃដិន ក៏បានប្រាប់អ្នកសារព័ត៌មានថា លោកមានទំនុកចិត្តថា យើងនឹងទទួលបានកិច្ចព្រមព្រៀង ស្តីពីថវិកា ហើយអាមេរិក នឹងមិនខកខានឡើយ។

នៅក្នុងកិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃនៃលទ្ធិប្រជាធិបតេយ្យឧស្សាហកម្មធំៗ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ដោយមាននាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ធ្វើជាប្រធាន ប្រធានបទសំខាន់ៗ ដែលត្រូវពិភាក្សារួមមានសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ការរំសាយអាវុធនុយក្លេអ៊ែរ ការលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។

លោក បៃដិន ក៏អាចមានកិច្ចប្រជុំត្រីភាគីជាមួយលោក គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ដែលត្រូវបានអញ្ជើញជាភ្ញៀវក្នុងការពិភាក្សា G-7 ក៏ដូចជាកិច្ចប្រជុំទ្វេភាគីមួយចំនួននៅគែមនៃការជួបជុំនេះ។

បន្ទាប់ពីកិច្ចប្រជុំកំពូល G-7 លោក បៃដិន គ្រោងនឹងធ្វើទស្សនកិច្ចនៅប៉ាពួញូហ្គីណេ និងអូស្ត្រាលី។ សេតវិមានបានឲ្យដឹងថា ប៉ុន្តែលោកបានលុបចោលជើងទីពីរ និងទីបី នៃការធ្វើដំណើរដើម ហើយនឹងត្រឡប់ទៅអាមេរិក វិញនៅថ្ងៃអាទិត្យ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top