ព័ត៌មានអន្តរជាតិ

លោក បៃដិន សង្កត់ធ្ងន់លើការ រំសាយអាវុធនុយក្លេអ៊ែរ សម្រាប់កិច្ចប្រជុំកំពូល G-7 នៅថ្ងៃសុក្រស្អែកនេះ

ប្រែសម្រួល ឈូក បូរ៉ាវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ​ បៃដិន នឹងជំរុញពីសារៈសំខាន់នៃការរំសាយអាវុធនុយក្លេអ៊ែរ នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ ដែលចាប់ផ្តើមថ្ងៃសុក្រស្អែកនេះ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា នេះបើយោងតាមអ្នកនាំពាក្យរបស់សេតវិមានលោក John Kirby ។

នៅក្នុងបទសម្ភាសន៍តាមអ៊ិនធឺណិតជាមួយកាសែតជប៉ុន Kyodo News កាលពីថ្ងៃអង្គារ លោក Kirby បានឲ្យដឹងថា លោក បដិន មាន “ការព្រួយបារម្ភជាយូរយារណាស់មកហើយ អំពីផលប៉ះពាល់នៃសក្ដានុពលនៃសង្គ្រាមនុយក្លេអ៊ែរនាពេលអនាគត” ហើយមានគោលបំណងបញ្ជាក់ឡើងវិញនូវជំហររបស់លោក បន្ទាប់ពីបានទៅដល់ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ។

លោក បៃដិន បានរក្សាចក្ខុវិស័យរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលលោកធ្លាប់ធ្វើជាអនុប្រធានាធិបតី នៃពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក Kirby បានលើកឡើងថា លោក បៃដិន គ្រោងនឹងទៅទស្សនាឧទ្យាន Hiroshima Peace Memorial Park ដែលរំលឹកដល់ការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងភាគខាងលិចប្រទេសជប៉ុនក្នុងឆ្នាំ១៩៤៥ ដោយសហរដ្ឋអាមេរិក នឹង “គោរពយ៉ាងឧឡារិក” ចំពោះជីវិតដែលបាត់បង់ក្នុងការវាយប្រហារ។

លោក បៃដិន ក៏គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នៅថ្ងៃព្រហស្បតិ៍ ដើម្បីស្វែងរកមធ្យោបាយ ដើម្បី “ធ្វើឱ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការរបស់យើង នៅទូទាំងដែនយោធាទាំងអស់” រួមទាំងអាកាស សមុទ្រ ដីគោក និងបណ្តាញអ៊ីនធឺណិត នេះបើយោងតាមការលើកឡើងរបស់លោក Kirby ។

លោកបន្ដថា នៅពេលដែលលោកជួបជាមួយលោក គីស៊ីដា និងសមភាគីកូរ៉េខាងត្បូងលោក Yoon Suk Yeol នៅខាងក្រៅកិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃ លោក បៃដិន នឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ចំពេលមានការគំរាមកំហែងម្តងហើយម្តងទៀត និងការសាកល្បងមីស៊ីលឆ្លងទ្វីបដោយកូរ៉េខាងជើង។

លោក បៃដិន ក៏នឹងធ្វើការរួមគ្នាជាមួយលោក គីស៊ីដា និងលោក Yoon ដើម្បីធានាថាប្រទេសទាំង៣ មាន “សមត្ថភាពត្រឹមត្រូវ ដើម្បីការពារខ្លួនយើង” អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិ សម្រាប់ការទំនាក់ទំនងជាយុទ្ធសាស្រ្ត៕

https://english.kyodonews.net/news/2023/05/7faef35891c3-biden-to-urge-importance-of-nuke-disarmament-at-g-7-summit-spokesman.html
To Top