វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នឹងផ្តល់ការគាំទ្រផ្នែកសន្តិសុខបន្ថែម ដល់កោះតៃវ៉ាន់ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានប្រាប់សមាជិកសភាកាយ៉ាងដូច្នេះ ខណៈដែលកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ កំពុងប្រឈមមុខនឹងការកើនឡើង សម្ពាធយោធាពីប្រទេសចិន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន កំពុងត្រៀមផ្តល់អាវុធមានតម្លៃ ៥០០លានដុល្លារដល់តៃវ៉ាន់ ប៉ុន្ដែព័ត៌មានលម្អិតអំពីប្រភេទអាវុធទាំងនោះ មិនត្រូវបានបង្ហាញនោះទេ។

លោក Austin បានលើកឡើងដោយផ្អែកលើ អាជ្ញាធរដកតំណែងប្រធានាធិបតី ដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ពន្លឿនជំនួយសន្តិសុខរួមទាំង សព្វាវុធដល់បរទេសថា “សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយផ្នែកសន្តិសុខ បន្ថែមយ៉ាងសំខាន់ដល់តៃវ៉ាន់ ក្នុងពេលឆាប់ៗនេះ”។
ត្រូវបានអនុញ្ញាតដោយសភាកាលពីឆ្នាំមុន វាត្រូវបានគេប្រើ ដើម្បីបញ្ជូនអាវុធទៅអ៊ុយក្រែន អស់រយៈពេលជាងមួយឆ្នាំ ចាប់តាំងពី ប្រទេសរុស្ស៊ី បានចាប់ផ្តើមការឈ្លានពានរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។
ប្រធានមន្ទីរប៉ង់តាហ្គោន បានឲ្យដឹងនៅក្នុងសវនាការពិនិត្យ នៅចំពោះមុខសមាជិកសភាព្រឹទ្ធសភា ដោយលើកឡើងពីសំណើថវិកា ដែលបានស្នើឡើងរបស់លោក បៃដិន សម្រាប់ក្រសួងការពារជាតិថា “ទីក្រុងប៉េកាំង បានបង្កើនការគំរាមកំហែង និងការបង្កហេតុរបស់ខ្លួន នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក សម្រាប់ឆ្នាំសារពើពន្ធ ២០២៤។

លោក Austin បានលើកឡើងថា ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏យូរអង្វែងមួយ ចំពោះតៃវ៉ាន់ ដោយជួយឱ្យខ្លួនរក្សាបាននូវសមត្ថភាព ការពារស្វ័យការពារគ្រប់គ្រាន់។
ចិនមើលឃើញកោះតៃវ៉ាន់ ជាខេត្តមួយ ដែលចង់បង្រួបបង្រួមជាមួយដីគោកវិញ ដោយបង្ខំបើចាំបាច់។ កាលពីឆ្នាំមុន ក្រសួងការបរទេសអាមេរិក បានអនុម័តលក់គ្រឿងបន្លាស់ និងជួសជុលរថក្រោះតម្លៃ ១០៨ លានដុល្លារទៅឲ្យតៃវ៉ាន់ ក្នុងចំណោមជំនួយផ្សេងទៀត។
កោះតៃវ៉ាន់ បានសម្តែងការមិនសប្បាយចិត្ត ចាប់តាំងពីឆ្នាំមុនដែលការបញ្ជូន សព្វាវុធពីសហរដ្ឋអាមេរិក រួមទាំងកាំជ្រួចប្រឆាំងយន្តហោះ Stinger មានភាពយឺតយ៉ាវ ដោយសារតែខ្លួនរងការគំរាមកំហែង ជាបន្ដបន្ទាប់ពីប្រទេចិន ៕
ប្រែសម្រួល ឈូក បូរ៉ា
