បរទេស៖ គណបក្ស ភូមិចៃថៃ ដែលទទួលបានអាសនៈសភា ភាគច្រើនទីបីដោយមិនផ្លូវការ បានធ្វើសេចក្តីប្រកាសដោយបញ្ជាក់ ពីការបដិសេធរបស់ពួកគេ ក្នុងការគាំទ្របេក្ខជននាយករដ្ឋមន្ត្រី ឬគណបក្សនយោបាយណាមួយ ដែលស្វែងរកការដកហូត ឬធ្វើវិសោធនកម្មច្បាប់ស្តីពី ការប្រមាថស្ថាប័នព្រះមហាក្សត្រ។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះ ត្រូវបានចែករំលែកនៅលើទំព័រ Facebook របស់គណបក្ស ភូមិចៃថៃ កាលពីយប់ថ្ងៃពុធ ដើម្បីឆ្លើយតបទៅនឹងគណបក្ស Move Forward ដែលបានតែងតាំងមេដឹកនាំរបស់ខ្លួន គឺលោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីបានឈ្នះអាសនៈសភាភាគច្រើន នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ។
គណបក្ស ភូមិចៃថៃ ផ្អែកលើជំហររបស់ខ្លួនលើមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានគេស្គាល់ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ។ គណបក្សបានសរសេរថា ជំហរនៅតែមិនប្រែប្រួលពីអ្វីដែល មេដឹកនាំរបស់ខ្លួនលោក Anutin Charnvirakul បានប្រកាសមុននេះ។
គណបក្ស ភូមិចៃថៃ បានសរសេរថា “ជំហរគឺជាគោលការណ៍សំខាន់របស់គណបក្ស ភូមិចៃថៃ ដែលមិនអាចផ្លាស់ប្តូរបាន និងមិនអាចចរចាបាន។ គណបក្ស ភូមិចៃថៃ មិនអាចបោះឆ្នោតជ្រើសរើស បេក្ខជននាយករដ្ឋមន្ត្រីពីគណបក្សនយោបាយ ដែលគ្រោងនឹងកែប្រែ ឬលុបចោលមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ” បានទេ។
យោងតាមសេចក្តីប្រកាស គណបក្ស ភូមិចៃថៃ និងសមាជិករបស់ខ្លួន នឹងមិនត្រូវផ្លាស់ប្តូរដោយការទាមទារ ការគំរាមកំហែង ឬសម្ពាធដើម្បីផ្លាស់ប្តូរឧត្តមគតិ និងទស្សនៈរបស់ពួកគេឡើយ។ ប្រសិនបើរដ្ឋាភិបាលស្វែងរកវិសោធនកម្ម ឬលុបចោលមាត្រា ១១២ ត្រូវបានបង្កើតឡើងដោយជោគជ័យ គឺគណបក្សនឹងរៀបចំធ្វើជាបក្សប្រឆាំង ដើម្បីតាមដានការអនុវត្តរបស់រដ្ឋាភិបាល ដើម្បីផលប្រយោជន៍សាធារណៈ និងការការពារស្ថាប័នសំខាន់ៗ ៕
ប្រែសម្រួលៈ ណៃ តុលា